យោងតាមទស្សនាវដ្តី Forbes ថ្មីៗនេះ បានរាយការណ៍ថា លោក Li Ka-shing បានបន្ថែមទ្រព្យសម្បត្តិចំនួន ៦ពាន់លានដុល្លារ ដែលធ្វើឲ្យលោកបន្តកាន់តំណែងជាអ្នកមានដាច់គេរបស់ហុងកុង នៅក្នុងចំណោមបុគ្គលមានជាងគេបំផុតទាំង៥០ របស់ទីក្រុងនេះ។

លោក Li ដែលរកស៊ីទៅលើអាជីវកម្មអចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ និងឱសថតាមរយៈក្រុមហ៊ុនធំៗដូចជា CK Asset Holdings និង CK Hutchison បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបប្រមាណ ៤៥,១ពាន់លានដុល្លារ ពោលគឺកើនឡើងពីចំនួន ៣៨,៩ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៥។
មិនតែប៉ុណ្ណោះ ទស្សនាវដ្តី Forbes ក៏បាននិយាយទៀតថា ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីមានដាច់គេបំផុតទាំង៥០ របស់ហុងកុង បានកើនឡើង ២២% ដល់កម្រិតខ្ពស់បំផុតគ្រប់ពេលចំនួន ៣៦៦ពាន់លានដុល្លារ ពីចំនួនត្រឹម ៣០១ពាន់លានដុល្លារ កាលពីឆ្នាំមុន។
ជម្រាបជូនថា សម្រាប់ចំណាត់ថ្នាក់អ្នកមានដាច់គេទីពីររបស់ហុងកុង បានទៅលើលោក Peter និងលោក Martin Lee ព្រមទាំងក្រុមគ្រួសារ ដែលជាភាគទុនិកគ្រប់គ្រងក្រុមហ៊ុន Henderson Land Development ជាមួយទ្រព្យសម្បត្តិសរុបត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៣៤,៩ពាន់លានដុល្លារអាមេរិក៕

