គណៈប្រតិភូធុរកិច្ចដែលមកពីក្រុមហ៊ុន IDECGROUP ASIA ដែលជាក្រុមហ៊ុនលំដាប់អន្តរជាតិមួយ បានមកជួបពិភាក្សាការងារជាមួយគណៈកម្មាធិការវិនិយោគកម្ពុជា ដើម្បីស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជាក្នុងវិស័យដែលមានសក្តានុពលមួយចំនួននៅកម្ពុជា។

នេះបើយោងតាមជំនួបពិភាក្សារវាងលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូក្រុមហ៊ុន IDECGROUP ASIA ដឹកនាំដោយលោក Francois MAGNIER អគ្គនាយកក្រុមហ៊ុន នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។
នៅក្នុងកិច្ចពិភាក្សា លោកអគ្គលេខាធិការ បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសដោយផ្តោតលើកន្សោមឧស្សាហកម្មជាក់លាក់ណាមួយ ហើយក្រុមហ៊ុនអាចមានលទ្ធភាពរៀបចំហេដ្ឋារចនាសម្ព័ន្ធដោយប្រើប្រាស់នូវជំនាញក្នុងការសាងសង់របស់ក្រុមហ៊ុនស្រាប់ព្រមទាំងអាចផ្តល់សេវាសាងសង់រោងចក្រជូនដល់អតិថិជនដែលបណ្តាក់ទុនវិនិយោគក្នុងតំបន់របស់ខ្លួន។

បន្ថែមលើនេះ លោកអគ្គលេខាធិការក៏បានលើកឡើងនូវវិស័យមួយចំនួនដែលមានសក្តានុពល ដូចជា ការកែច្នៃស្រូវ ការកែច្នៃស្វាយចន្ទី ការកែច្នៃជ័រកៅស៊ូ ឧស្សាហកម្មឈើដាំ។ល។ ដើម្បីឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពធ្វើការបណ្តាក់ទុនវិនិយោគទាញយកអត្ថប្រយោជន៍ជាអតិបរមាពីវិស័យទាំងនេះ។
សូមបញ្ជាក់ជូនថា ក្រុមហ៊ុន IDECGROUP ASIA បង្កើតឡើងដោយការរួមសហការរវាងក្រុមហ៊ុន GROUPE IDEC និងក្រុមហ៊ុន ARCHETYPE GROUP ដែលមានកម្មវត្ថុអាជីវកម្មក្នុងការរចនាប្លង់សាងសង់ និងផ្តល់សេវាសាងសង់, ការផ្តល់ដំណោះស្រាយថាមពល, ឧស្សាហកម្មបៃតង, ភស្តុភារកម្ម។ល៕ អត្ថបទ៖ ហ្សាលីន

