ក្រុមហ៊ុនមេរបស់ TikTok កើនតម្លៃមូលធនទីផ្សារដល់ ៥៥០ពាន់លានដុល្លារ

អន្តរជាតិ

ក្រុមហ៊ុន ByteDance ដែលជាអ្នកបង្កើតកម្មវិធី TikTok ថ្មីៗនេះត្រូវបានគេរាយការណ៍ថាបានកើនឡើងតម្លៃមូលធនទីផ្សាររហូតដល់ ៥៥០ពាន់លានដុល្លារ បន្ទាប់ពីមានព័ត៌មានអំពីការទទួលបានភាគហ៊ុនបន្ថែម ពីក្រុមហ៊ុន General Atlantic។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលបានបង្ហាញឲ្យដឹងថាទៀតថា ក្រុមហ៊ុនវិនិយោគដ៏ធំ General Atlantic បានចាប់ផ្តើមលក់ភាគហ៊ុនរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយរំពឹងថានឹងបញ្ចាប់ការលក់ទាំងស្រុង នៅក្នុងខែមីនាខាងមុខ។

យ៉ាងណាមិញ ជុំវិញការកើនឡើងនេះ បានធ្វើឲ្យ ByteDance ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សដំបូងគេបង្អស់របស់ចិន ដែលមានតម្លៃថ្លៃខ្លាំងបែបនេះ។ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមហ៊ុននេះមានតម្លៃទីផ្សារប្រហែល ៤៨០ពាន់លានដុល្លារ។

ជម្រាបជូនថា ក្រុមហ៊ុន General Atlantic បានវិនិយោគជាលើកដំបូងនៅក្នុង ByteDance ក្នុងឆ្នាំ២០១៧ នៅពេលដែលក្រុមហ៊ុននេះមានតម្លៃទីផ្សារប្រហែល ២០ពាន់លានដុល្លារប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់លក្ខខណ្ឌហិរញ្ញវត្ថុ និងភាគហ៊ុនរបស់ General Atlantic នៅក្នុង ByteDance បន្ទាប់ពីប្រតិបត្តិការលក់នេះ មិនត្រូវបានបង្ហាញឱ្យដឹងនោះឡើយ ខណៈលោក Bill Ford នាយកប្រតិបត្តិក្រុមហ៊ុន General Atlantic បច្ចុប្បន្នក៏ជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ ByteDance ផងដែរ៕​