កូរ៉េខាងត្បូង ស្នើថវិកាបន្ថែមចំនួន ១៧,៣ពាន់លានដុល្លារ ដើម្បីកាត់បន្ថយវិបត្តិ ដោយសារសង្គ្រាមមជ្ឈិមបូព៌ា

អន្តរជាតិ

កូរ៉េខាងត្បូង បានស្នើថវិកាបន្ថែមរបស់រដ្ឋាភិបាលចំនួន ១៧,៣ពាន់លានដុល្លារ នៅថ្ងៃអង្គារនេះ ដើម្បីគាំទ្រដល់អ្នកប្រើប្រាស់ និងក្រុមហ៊ុនដែលរងផលប៉ះពាល់ដោយសង្គ្រាមនៅមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការកើនឡើងនៃតម្លៃប្រេងដែលបង្កឡើងដោយសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ បានបង្កើនហានិភ័យនៃកំណើន និងអតិផរណាសម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចធំទីបួនរបស់អាស៊ី ក៏ដូចជាប្រទេសនាំចូលប្រេងធំជាងគេទីបួនរបស់ពិភពលោកផងដែរ ខណៈ ៧០% នៃការទិញប្រេងសរុបរបស់ខ្លួនគឺបានមកពីមជ្ឈិមបូព៌ា។

គួរឲ្យដឹងថា នេះគឺជាថវិកាបន្ថែមលើកទីពីរហើយក្នុងរយៈពេលតិចជាងមួយឆ្នាំ ក្រោមការដឹកនាំរបស់រដ្ឋបាលប្រធានាធិបតី លោក Lee Jae Myung ដែលបានសន្យាថានឹងបន្តគោលនយោបាយសារពើពន្ធពង្រីក ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ចាប់តាំងពីចូលកាន់តំណែងកាលពីខែមិថុនាកន្លងទៅ។

យោងតាមក្រសួងថវិកា បានបង្ហាញឲ្យដឹងថាផែនការចំណាយចំនួន ២៦,២ទ្រីលានវ៉ុន (១៧,៣ពាន់លានដុល្លារ) រួមមានវិធានការចំនួន ១០,១ទ្រីលានវ៉ុនសម្រាប់ឆ្លើយតបទៅនឹងតម្លៃប្រេងខ្ពស់ ការគាំទ្រចំនួន ២,៨ទ្រីលានវ៉ុនសម្រាប់អ្នកមានប្រាក់ចំណូលទាប និងយុវជន និង ២,៦ទ្រីលានវ៉ុន សម្រាប់ក្រុមហ៊ុនដែលរងផលប៉ះពាល់ដោយជម្លោះនៅមជ្ឈិមបូព៌ា។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងថវិកា លោក Park Hong-keun បាននិយាយថា ៖” ក្រៅពីទិន្នន័យសេដ្ឋកិច្ច ការលំបាក និងការថប់បារម្ភដែលប្រជាជន និងក្រុមហ៊ុនរបស់យើងកំពុងជួបប្រទះគឺខ្លាំងជាងពេលណាៗទាំងអស់។ ហើយការឆ្លើយតបជាមុនរបស់រដ្ឋាភិបាលយើង គឺសំខាន់ជាងអ្វីផ្សេងទៀត”៕​