ការនាំចេញអង្កររបស់ប្រទេសថៃបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងខែមករា ដែលបង្កើនការព្រួយបារម្ភថា ការនាំចេញសរុបរបស់ប្រទេសសម្រាប់ឆ្នាំនេះ អាចនឹងធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ ដោយសារតែតម្លៃប្រាក់បាតឡើងថ្លៃ និងការប្រកួតប្រជែងទូទាំងពិភពលោកកាន់តែខ្លាំងឡើង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

លោក Chookiat Ophaswongse ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃ បាននិយាយថា ការនាំចេញសរុបនៅក្នុងខែមករា បានឈានដល់ចំនួនត្រឹមតែ ៥៣០ ០០០ តោនប៉ុណ្ណោះ ធ្លាក់ចុះ ១៧,៥% ពីរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលតម្លៃនាំចេញបានធ្លាក់ចុះ ៣០,៧% មកនៅត្រឹម ៩,៧ពាន់លានបាត (ប្រហែល ៣១២លានដុល្លារអាមេរិក)។
មិនតែប៉ុណ្ណោះ សមាគមនេះព្យាករថាការនាំចេញអង្កររបស់ថៃសរុបអាចមានចំនួន ៧,០៣ លានតោននៅឆ្នាំនេះ ពោលគឺធ្លាក់ចុះ ១១% ពីឆ្នាំមុន ដោយតម្លៃនាំចេញត្រូវបានព្យាករថានឹងធ្លាក់ចុះ ១២,៣% ផងដែរ មកនៅត្រឹម ១៣០ពាន់លានបាត។
យ៉ាងណាមិញ ជុំវិញការធ្លាក់ចុះនេះ ត្រូវបានក្រុមអ្នកនាំចេញនិយាយថា កត្តាហានិភ័យចម្បងបំផុតមួយ គឺការកើនឡើងនៃតម្លៃប្រាក់បាត (បច្ចុប្បន្នប្រែប្រួលប្រហែល ៣១បាតក្នុងមួយដុល្លារអាមេរិក) ដែលធ្វើឱ្យអង្ករថៃមានតម្លៃថ្លៃជាងអង្ករដៃគូប្រកួតប្រជែងរបស់ខ្លួន។
លើសពីនេះ ពន្ធនាំចូលបណ្តោះអាសន្នរបស់សហរដ្ឋអាមេរិកចំនួន 1៥% រយៈពេល ១៥០ថ្ងៃអាចកាត់បន្ថយការនាំចេញអង្ករក្រអូបរបស់ថៃទៅកាន់សហរដ្ឋអាមេរិកចន្លោះពី ១៥-២០% ផងដែរ។ បច្ចុប្បន្នសហរដ្ឋអាមេរិកគឺជាទីផ្សារអង្ករក្រអូបធំបំផុតរបស់ប្រទេសថៃ ដែលមានចំនួនប្រហែលពាក់កណ្តាលនៃការនាំចេញអង្ករក្រអូបសរុបរបស់ខ្លួន៕

