លោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦នេះ បានសម្តែងការកោតសរសើរដោយស្មោះចំពោះ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង ដែលបានដឹកនាំសម្របសម្រួលបញ្ហាដីធ្លី រួមទាំងបញ្ហាបុរី និងដីឡូត៍ ជូនប្រជាពលរដ្ឋបានយ៉ាងល្អ ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលនេះ។

តាមរយៈសារលើបណ្តាញសង្គម លោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត បានលើកឡើងថា៖ “សូមចូលរួមអបអរសាទរជាមួយបងប្អូនកូនក្មួយដែលបានទទួលបណ្ណកម្មសិទ្ធិដីពី ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ប្រមាណជាង ៤ពាន់បណ្ណ”។
“នាងខ្ញុំសូមកោតសរសើរក្មួយ សាយ សំអាល់ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីនៃក្រសួងដែនដី។ នេះជាសមិ្ធផលដ៏ធំធេងរបស់ជាតិ និងប្រជាជន ក្នុងវិស័យដីធ្លី ក្រោមការដឹកនាំរបស់ក្មួយ សាយ សំអាល់ ដែលទទួលបទបញ្ជាផ្ទាល់ពីសម្តេចតេជោ និងសម្តេចធិបតី បម្រើ ការពារ ប្រជាពលរដ្ឋបានល្អ ដឹកនាំ សម្របសម្រួល វះកាត់បញ្ហាដីធ្លី ឈានទៅដល់ការបញ្ចប់វិវាទទូទាំងប្រទេស។ ជាពិសេសវិបត្តិបុរីដីឡូត៍នេះតែម្តង រាស្ត្រស្រែករាល់ថ្ងៃ តែមកដល់ដៃក្មួយ សាយ សំអាល់ ពលរដ្ឋមានស្នាមញញឹម យល់គ្នា និងសាមគ្គីភាព ជឿជាក់រដ្ឋាភិបាល។ តទៅនេះ សូមឲ្យបងប្អូនកូនក្មួយ ជឿជាក់លើសម្ដេចទាំងទ្វេ និងឧបនាយករដ្ឋមន្ត្រី សាយ សំអាល់។ រដ្ឋមន្ត្រីក្រសួងដែនដី បាននឹងកំពុងបន្តដោះស្រាយបញ្ហាដីធ្លីនេះជូនបងប្អូនហើយ”។ លោកជំទាវឧកញ៉ា បានបន្ថែម។
ជាមួយគ្នានេះ លោកជំទាវឧកញ៉ា ក៏សូមអំពាវនាវដល់បងប្អូនកូនក្មួយ ពលរដ្ឋដែលកំពុងទទួលបានការដោះស្រាយនៅក្រសួងដែនដី សូមកុំមានការតវ៉ា ដង្ហែរបាតុកម្ម បិទផ្លូវ បិទក្រសួង បិទតុលាការអី។ សូមរក្សាភាពស្ងៀមស្ងាត់សិន ចាត់តំណាង ចាត់ក្រុមការងារមកដោះស្រាយសហការជាមួយក្រសួង នឹងទទួលបានលទ្ធផលជាបន្តបន្ទាប់ រក្សាផលប្រយោជន៍បងប្អូនកូនក្មួយ។ ជាពិសេស ម្ចាស់បំណុល ម្ចាស់ដីដែលពាក់ព័ន្ធប្រជាជន មេត្តាដកថយមួយជំហ៊ាន ចងការប្រាក់ខុសច្បាប់ ស៊ីទឹកស៊ីការលើសលុបជាមួយម្ចាសបុរីមួយៗច្រើនមកហើយ ល្មមដល់ពេលប្រគល់ដីទ្រព្យឱ្យមកក្រសួងដោះស្រាយជូនពលរដ្ឋទិញលក់ស្របច្បាប់វិញ កុំចង់ឈ្នះចង់ចាញ់ជាមួយម្ចាស់បុរី កុំដោយសារយើងម្នាក់ ឱ្យពលរដ្ឋរងទុក្ខរាប់ពាន់ម៉ឺនគ្រួសារអី។ ស្របពេលយើងមានបញ្ហាព្រំដែនជាមួយថៃ បរទេសមើលងាយខ្មែរ ឆ្លៀតឱកាសវាយប្រហារខ្មែរ ប្រសិនយើងមិនយល់គ្នា មិនជឿជាក់ មិនសាមគ្គីគ្នានោះ៕







