លោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត កោតសរសើរឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដែលដឹកនាំសម្របសម្រួលវិបត្តិបុរីនិងដីឡូត៍ ជូនប្រជាពលរដ្ឋបានយ៉ាងល្អ

ជុំវិញ​ឧកញ៉ា

លោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦នេះ បានសម្តែងការកោតសរសើរដោយស្មោះ​ចំពោះ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង​ ដែលបានដឹកនាំសម្របសម្រួលបញ្ហាដីធ្លី រួមទាំងបញ្ហាបុរី និងដីឡូត៍ ជូនប្រជាពលរដ្ឋបានយ៉ាងល្អ ក្នុងអាណត្តិទី៧ នៃ​រាជរដ្ឋាភិបាលនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសារលើបណ្តាញសង្គម លោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត បានលើកឡើងថា៖ “សូមចូលរួមអបអរសាទរជាមួយបងប្អូនកូនក្មួយដែលបានទទួលបណ្ណកម្មសិទ្ធិដីពី ឯកឧត្តម សាយ​ សំអាល់​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី​ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ប្រមាណជាង ៤ពាន់បណ្ណ”។

“នាងខ្ញុំសូមកោតសរសើរក្មួយ​ សាយ​ សំអាល់​ ព្រមទាំងថ្នាក់ដឹកនាំ​ មន្ត្រីនៃក្រសួងដែនដី។​ នេះជាសមិ្ធផលដ៏ធំធេងរបស់ជាតិ​ និងប្រជាជន​ ក្នុង​វិស័យដីធ្លី​ ក្រោមការដឹកនាំរ​បស់​ក្មួយ​ សាយ​ សំអាល់​ ដែលទទួលបទបញ្ជាផ្ទាល់ពីសម្តេចតេជោ​ និងសម្តេចធិបតី​ បម្រើ​ ការពារ​ ប្រជាពលរដ្ឋបានល្អ​ ដឹកនាំ​ សម្របសម្រួល​ វះកាត់បញ្ហាដីធ្លី​ ឈានទៅដល់ការបញ្ចប់វិវាទទូទាំងប្រទេស។​ ជាពិសេសវិបត្តិបុរីដីឡូត៍នេះតែម្តង​ រាស្ត្រស្រែករាល់ថ្ងៃ​ តែមកដល់ដៃក្មួយ​ សាយ​ សំអាល់​ ពលរដ្ឋមានស្នាមញញឹម​ យល់គ្នា​ និងសាមគ្គីភាព​ ជឿជាក់រដ្ឋាភិបាល។ តទៅនេះ​ សូមឲ្យបងប្អូនកូនក្មួយ​ ជឿជាក់លើសម្ដេចទាំងទ្វេ​ និងឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​។ រដ្ឋមន្ត្រីក្រសួងដែនដី បាននឹងកំពុងបន្តដោះស្រាយបញ្ហាដីធ្លីនេះជូនបងប្អូនហើយ​”។ លោកជំទាវឧកញ៉ា បានបន្ថែម។

ជាមួយគ្នានេះ លោកជំទាវឧកញ៉ា ក៏សូមអំពាវនាវដល់បងប្អូនកូនក្មួយ​ ពលរដ្ឋដែលកំពុងទទួលបានការដោះស្រាយ​នៅក្រសួង​ដែនដី​ សូមកុំមានការតវ៉ា ដង្ហែរបាតុកម្ម បិទផ្លូវ​ បិទក្រសួង​ បិទតុលាការអី។​ សូមរក្សាភាពស្ងៀមស្ងាត់សិន​ ចាត់តំណាង​ ចាត់ក្រុមការងារមកដោះស្រាយសហការជាមួយក្រសួង​ នឹងទទួលបានលទ្ធផលជាបន្តបន្ទាប់​ រក្សាផលប្រយោជន៍បងប្អូនកូនក្មួយ​។ ជាពិសេស​ ម្ចាស់បំណុល​ ម្ចាស់ដីដែលពាក់ព័ន្ធប្រជាជន​ មេត្តាដកថយមួយជំហ៊ាន​ ចងការប្រាក់​ខុសច្បាប់​ ស៊ីទឹកស៊ីការលើសលុបជាមួយម្ចាសបុរីមួយៗច្រើនមកហើយ ល្មមដល់ពេលប្រគល់ដីទ្រព្យឱ្យមកក្រសួងដោះស្រាយជូនពលរដ្ឋទិញលក់ស្របច្បាប់វិញ កុំចង់ឈ្នះចង់ចាញ់​ជាមួយម្ចាស់បុរី​​ កុំដោយសារយើងម្នាក់​ ឱ្យពលរដ្ឋរងទុក្ខរាប់ពាន់ម៉ឺនគ្រួសារអី​។ ស្របពេលយើងមានបញ្ហាព្រំដែនជាមួយថៃ​  បរទេសមើលងាយខ្មែរ​ ឆ្លៀតឱកាសវាយប្រហារខ្មែរ ប្រសិនយើងមិនយល់គ្នា​ មិនជឿជាក់​ មិនសាមគ្គីគ្នានោះ៕