នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦នេះ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ាៗជាច្រើនរូប បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន-កម្ពុជា ឆ្នាំ២០២៦ ក្រោមមូលបទ “ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តឧស្សាហកម្ម” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

កិច្ចប្រជុំនេះមានការចូលរួមពីបណ្តាលក្រុមហ៊ុនជាតិ និងអន្តរជាតិ សរុប ៣០៦ ក្រុមហ៊ុន និងធុរជនជាតិ និងអន្តរជាតិជិត ៧០០នាក់។ ក្នុងនោះដែរ មានការអញ្ជើញចូលរួមពីសំណាក់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា, លោកអ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា លាង ម៉េង, អ្នកឧកញ៉ា ជាម ឃុនណាត, អ្នកឧកញ៉ា ឡាវ កាង, អ្នកឧកញ៉ា លឹម ហេង, អ្នកឧកញ៉ា លី ឃុនថៃ, អ្នកឧកញ៉ា សំ សុខនឿន, ឧកញ៉ា តាន់ មុនីវណ្ណ, ឧកញ៉ា សុខ ពិសិដ្ឋ, ឧកញ៉ា ម៉ុង រិទ្ធថា និងឧកញ៉ាៗមកពីវិស័យឯកជនជាច្រើនរូបទៀត។
សូមជម្រាបថា ព្រឹត្តិការណ៍កិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន-កម្ពុជា ឆ្នាំ២០២៦ ក្រោមមូលបទ “ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តឧស្សាហកម្ម” ត្រូវបានរៀបចំឡើងដោយ សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មអន្តរជាតិ និងសមាគមពាណិជ្ជកម្មទាំងអស់។ វេទិកានេះនឹងផ្តល់នូវឱកាសសម្រាប់ការផ្គូរផ្គងអាជីវកម្មយ៉ាងទូលំទូលាយ លើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅ និងពង្រឹងភាពជាដៃគូសហការក្នុងតំបន់៕









