អគ្គលេខាធិការអាស៊ាន សាទរកម្ពុជា ដែលសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់

សង្គម​ និង​សេដ្ឋកិច្ច

អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន បានសាទរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់កាលពីឆ្នាំកន្លងមក ដែលក្នុងនោះមានការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិតេជោជាដើម។លោកថ្លែងបែបនេះ ក្នុងជំនួបជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនោះ ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានសម្តែងការអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់កាលពីឆ្នាំកន្លងមក រួមមាន ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិតេជោ ការកើនឡើងនូវការបណ្តាក់ទុនវិនិយោគ និងការកើនឡើងនូវចំនួនភ្ញៀវទេសចរណ៍ចូលមកប្រទេសកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ លោក ក៏បានជម្រាបជូនអំពីការដាក់ចេញនូវផែនការយុទ្ធសាស្ត្រតភ្ជាប់អាស៊ាន ២០២៦-២០៣៥ ផងដែរ។

ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល បានជម្រាប់ជូន លោកអគ្គលេខាធិការអាស៊ានអំពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជា លើផែនការតភ្ជាប់របស់អាស៊ាននាពេលកន្លងមក តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធគន្លឹះស្របតាមទិសដៅនេះនៅក្នុងប្រទេសកម្ពុជា សំដៅធានាឱ្យបាននូវរំហូរពាណិជ្ជកម្មដោយរលូននៅក្នុងតំបន់។ បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រីក៏បានលើកឡើងពីផែនការបេសកកម្មគោះទ្វារវិនិយោគិនអន្តរជាតិ នៅតាមបណ្តាប្រទេសមួយចំនួននាពេលខាងមុខផងដែរ។

សូមរម្លឹកដែរថា បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គម្រោងវិនិយោគចំនួន៦៣០ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ១០ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៤៣៨ពាន់កន្លែងត្រូវបានចុះបញ្ជី ដោយគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.វ.ក. នៃ ក.អ.ក.) ក្នុងឆ្នាំ២០២៥៕ អត្ថបទ៖ ហ្សាលីន