លោកស្រី Katharina Wieser ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋអូទ្រីសប្រចាំនៅកម្ពុជា បានបង្ហើបថា នៅពេលខាងមុខនឹងមានធុរជនរបស់អូទ្រីសប្រមាណ ១០ក្រុមហ៊ុន នឹងអញ្ជើញមកកាន់ប្រទេសកម្ពុជាដើម្បីស្វែងរកឱកាសក្នុងការវិនិយោគ។លោកស្រី បញ្ជាក់បែបនេះ នៅក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។

នៅក្នុងជំនួបនេះ លោកស្រី Katharina WIESER បានលើកឡើងពីកិច្ចសហប្រតិបត្តិការបន្ថែម ទាំងនៅក្នុងក្របខណ្ឌនយោបាយ ជាពិសេស គឺក្របខណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ លោកជំទាវ នឹងខិតខំប្រឹងប្រែងក្នុងការជំរុញពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា និងអូទ្រីស ឱ្យកាន់តែមានការកើនឡើង។ លោកជំទាវបានបង្ហើបថា នៅពេលខាងមុខនឹងមានធុរជនរបស់អូទ្រីសប្រមាណ ១០ក្រុមហ៊ុន នឹងអញ្ជើញមកកាន់ប្រទេសកម្ពុជាដើម្បីស្វែងរកឱកាសក្នុងការវិនិយោគ។
ជាការឆ្លើយតប សម្ដេចតេជោ បានឯកភាពទាំងស្រុងចំពោះការលើកឡើងរបស់លោកជំទាវ ក្នុងការពង្រីកនូវពាណិជ្ជកម្មរវាងកម្ពុជា និងអូទ្រីសឱ្យកាន់តែមានការកើនឡើង ជាពិសេស គឺទាក់ទងទៅនឹងការវិនិយោគ ដែលសម្ដេចតេជោសាទរចំពោះគម្រោងធុរជនរបស់អូទ្រីសប្រមាណ១០ក្រុមហ៊ុន គ្រោងមកកាន់ប្រទេសកម្ពុជា នាពេលខាងមុខនោះ។

តាមរយៈជំនួបខាងលើ សម្ដេចតេជោ បានបង្ហាញក្តីសង្ឃឹមថា តាមរយៈធុរជន រួមទាំងតាមរយៈការប្ដេជ្ញាចិត្តរបស់លោកស្រី ក្នុងនាមជាឯកអគ្គរដ្ឋទូតថ្មីរបស់អូទ្រីសប្រចាំនៅកម្ពុជា នឹងញ៉ាំងឱ្យទំនាក់ទំនងផ្នែកនយោបាយ ជាពិសេស ទំហំពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគរវាងប្រទេសទាំងពីរ កាន់តែរីកចម្រើនបន្តទៀត៕ អត្ថបទ៖ ហ្សាលីន

