ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កំពុងពិចារណាក្នុងការដាក់ពង្រាយកងកម្លាំងពិសេសនៅលើដីផ្ទាល់ ដើម្បីរឹបអូសយកសារធាតុអ៊ុយរ៉ាញ៉ូម ដែលមានកម្រិតអាចផលិតគ្រាប់បែកបានរបស់អ៊ីរ៉ង់។ ប៉ុន្តែ ក្រុមមន្ត្រីអាម៉េរិក មានការព្រួយបារម្ភថា ស្តុកសារធាតុអ៊ុយរ៉ាញ៉ូមទាំងអស់នោះ អាចត្រូវបានគេផ្លាស់ប្តូរទីតាំងរួចទៅហើយ។

ចំពោះលោក ត្រាំ បានថ្លែងសំដៅលើកន្លែងស្តុកសារធាតុអ៊ុយរ៉ាញ៉ូម កាលពីយប់ថ្ងៃសៅរ៍ នៅលើយន្តហោះ Air Force One ថា «ពួកគេមិនទាន់អាចចូលទៅដល់ទីតាំងនោះបានទេ ហើយនៅពេលណាមួយ ប្រហែលជាយើងនឹងធ្វើវា។»
យ៉ាងណាក៏ដោយ មន្រ្តីអាម៉េរិក នៅតែសម្ដែងពីទំនុកចិត្តរបស់ខ្លួន ចំពោះទីតាំងស្តុកអ៊ុយរាញ៉ូមរបស់អ៊ីរ៉ង់នេះ។ ប៉ុន្តែទន្ទឹមនឹងនេះ ក៏មានការលើកឡើងថា បើតាមព័ត៌មានផ្ទៃក្នុង អាម៉េរិកហាក់មិនសូវមានភាពប្រាកដប្រជាចំពោះទីតាំងស្តុកអ៊ុយរាញ៉ូមរបស់អ៊ីរ៉ង់នោះទេ។
សូមបញ្ជាក់ថា គោលបំណងមួយក្នុងចំណោមគោលបំណងនានា ក្នុងការវាយប្រហារលើអ៊ីរ៉ង់ គឺការកម្ចាត់រាល់សមត្ថភាពរបស់សាធារណរដ្ឋអ៊ីស្លាមក្នុងការផលិតអាវុធនុយក្លេអ៊ែរ។ ប៉ុន្តែការវាយប្រហារលើមូលដ្ឋានអាតូមិករបស់ប្រទេសអ៊ីរ៉ង់ កាលពីឆ្នាំមុន បានធ្វើឱ្យកិច្ចការតាមដានសារធាតុអ៊ុយរ៉ាញ៉ូម មានភាពស្មុគស្មាញកាន់តែខ្លាំងឡើង៕





