(ខេត្តក្រចេះ)៖ក្រូចថ្លុងកោះទ្រង់ជាផលិតផលមួយ ដែលទទួលបានការទទួលស្គាល់ ជាផលិតផលសម្គាល់ភូមិសាស្ត្រ GI ក្នុងចំណោមផលិតផលដែលបានទទួលស្គាល់ក្នុងនោះរួមមាន ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ទឹកឃ្មុំព្រៃមណ្ឌលគិរី អង្ករក្រអូបព្រះវិហារ ក្រូចថ្លុងកោះទ្រង់ ប្រហុកសៀមរាប ជាដើម។

ការអំពាវនាវនេះធ្វើឡើងក្នុងឱកាស ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញជាអធិបតីសម្ពោធសមិទ្ធិផលនានានៅលើទឹកដីកោះទ្រុង ខេត្តក្រចេះ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ។
ឯកឧត្តម ប្រធានក្រុមការងារ បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជា មានផលិតផលដែលទទួលបានការចុះបញ្ជីជា ផលិតផលសម្គាល់ភូមិសាស្ត្រ (Geographical Indication – GI) ចំនួន ៦មុខ ហើយក្រូចថ្លង់ គឺមួយក្នុងចំណោមផលិតផលទាំងនេះផងដែរ ដែលបានទទួលស្គាល់កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីរួមចំណែកការពារអត្តសញ្ញាណផលិតផលប្រពៃណី សំដៅធ្វើឲ្យមានកំណើនសេដ្ឋកិច្ចជាតិ ខណៈបច្ចុប្បន្ននេះផ្លែក្រូចថ្លុងកោះទ្រង់ ត្រូវបានចាត់ទុកថា ជាផ្លែឈើធម្មជាតិដ៏ពេញនិយម មានឱជារសឆ្ងាញ់ និងកេរ្តិ៍ឈ្មោះល្បីល្បាញតាំងពីយូរណាស់មកហើយប្រចាំខេត្តក្រចេះ។
ការទទួលស្គាល់ជា GI មានសារៈសំខាន់ក្នុងការការពារ អត្តសញ្ញាណផលិតផល ការពារការក្លែងបន្លំ និងជួយលើកកម្ពស់តម្លៃទីផ្សាររបស់ផលិតផលកម្ពុជា ទាំងក្នុង និងក្រៅប្រទេស។ ដូច្នេះវាជាមោទនភាពរបស់ខេត្តក្រចេះ ដែលមានផលិតផលនេះ ដែលយើងត្រូវបន្តគ្រប់គ្រង បន្សុទ្ធពូជ និងពង្រីកការដាំដុះបន្ថែម។ សូមកុំយកពូជប្រភេទផ្សេងមកលាយលំ ព្រោះក្រូចថ្លុងកោះទ្រង់ គឺជាផលិតផលកសិកម្មដែលមានឈ្មោះល្បី និងមានសក្តានុពលខ្ពស់នៅលើទីផ្សារ ដូច្នេះប្រជាពលរដ្ឋគួរបន្តថែរក្សាគុណភាព និងពង្រីកការដាំដុះបន្ថែម ដើម្បីបង្កើនផលិតកម្ម និងបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានជំរុញឱ្យប្រជាពលរដ្ឋប្រើប្រាស់បច្ចេកទេសកសិកម្មសមស្រប និងសហការគ្នាក្នុងការអភិវឌ្ឍដំណាំក្រូចថ្លុងឱ្យកាន់តែមានគុណភាពខ្ពស់ ដើម្បីរក្សាកេរ្តិ៍ឈ្មោះផលិតផល GI របស់សង្កាត់កោះទ្រង់ និងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន ព្រមទាំងជួយឱ្យជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង ពិសេសថែមទាំងលើកតម្លៃកេរ្តិ៍ឈ្មោះសង្កាត់ និងខេត្ត តាមរយៈវិស័យទេសចរណ៍ ដែលមានស្រាប់ដូចជា តំបន់ទេសចរណ៍សត្វផ្សោត, មានប្រភេទសត្វក្តាន់នៅតំបន់ដែនជម្រកសត្វព្រៃព្រែកប្រសព្វ និង សត្វត្មាត រួមជាមួយសត្វកម្រជាច្រើនទៀតនៅតាមដងទន្លេមេគង្គ ៕






