ក្រសួងអប់រំ៖ សិស្សមិនត្រូវប្រើទូរស័ព្ទក្នុងថ្នាក់រៀន ទោះក្នុងម៉ោងរៀន ឬម៉ោងចេញលេង

សង្គម​ និង​សេដ្ឋកិច្ច

(​ភ្នំពេញ)៖ ក្រសួង​អប់រំ យុវជន និង​កីឡា ថាសិស្ស​មិន​ត្រូវ​ប្រើ​ទូរស័ព្ទ​ដៃ​ក្នុង​ថ្នាក់រៀន ទោះ​ក្នុង​ម៉ោង​រៀន ឬ​ម៉ោង​ចេញលេង លុះត្រាតែ​មានការ​អនុញ្ញាត។ ការណ៍នេះ ដើម្បី​បន្ត​ពង្រឹង​ការ​អនុវត្ត​បទបញ្ជាផ្ទៃក្នុង នៅ​តាម​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​សាធារណៈ និង​លើកកម្ពស់​ចរិយា​សម្បទា​របស់​សិស្ស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​បើ​យោង​តាម​សេចក្ដីណែនាំ​ស្ដី​ពី​ការ​ពង្រឹង​ការ​អនុវត្ដ​បទបញ្ជាផ្ទៃក្នុង នៅ​តាម​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​សាធារណៈ ដើម្បី​លើកកម្ពស់​ចរិយា​សម្បទា​របស់​សិស្ស របស់ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃ​ទី​១៦ ខែមីនានេះ ការ​អប់រំ​ចរិយា​សម្បទា​របស់​អ្នក​សិក្សា គឺជា​ភារកិច្ច និង​ទាមទារ​ការ​ចូលរួម​របស់​អ្នក​ពាក់ព័ន្ធ​ទាំងអស់ រួម​មាន គណៈ​គ្រប់គ្រង​សាលារៀន គ្រូបង្រៀន មាតាបិតា អ្នក​អាណាព្យាបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​ក៏​ដូច​ជា សង្គម​ជាតិ​ទាំងមូល ។

ក្រសួង​បន្ដ​ថា សិស្សានុសិស្ស​ត្រូវ​គោរព​តាម​បទបញ្ជាផ្ទៃក្នុង​របស់​គ្រឹះស្ថានសិក្សា និង​អនុវត្ត​សិទ្ធិ​របស់​ខ្លួន​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​គោរព​សិទ្ធិ​អ្នក​ដទៃ ព្រមទាំង​រក្សា​ភាព​ថ្លៃថ្នូរ សីលធម៌ និង​សុជីវធម៌ ។

ក្រសួង​អប់រំ ក៏​ស្នើ​ឲ្យ​មាតាបិតា ឬ​អ្នក​អាណាព្យាបាល និង​សហគមន៍​ធ្វើ​សហការ​ចូលរួម និង​ផ្តល់​ការ​គាំទ្រ​កម្មវិធី​អប់រំ ការ​ប្រឹក្សា សកម្មភាព​សង្គម សកម្មភាព​លើកកម្ពស់ វប្បធម៌​សន្តិភាព កម្មវិធី​សំដែង​ធម៌​ទេសនា ប​ឋ​កថា​អំពី​សីលធម៌​ឬ​សុជីវធម៌ ដែល​រៀបចំ​ដោយ​គណៈ​គ្រប់គ្រង​សាលារៀន។ ពិនិត្យ​មើល​សកម្មភាព​រស់នៅ​របស់​កូនចៅ ជា​ពិសេស​ការ​អប់រំ​ឱ្យ​ចៀស​ឆ្ងាយ​ពី​ការ​ប្រើប្រាស់​គ្រឿងញៀន ការ​ជក់បារី និង​ការ​លេងល្បែង​ស៊ីសង​គ្រប់​ប្រភេទ៕