ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើឲ្យប្រទេសចិនពន្យារពេលកិច្ចប្រជុំកំពូលរវាងមេដឹកនាំរបស់ប្រទេសទាំងពីរប្រហែលមួយខែសិន ដើម្បីអាចឲ្យលោកមានពេលដោះស្រាយលើជម្លោះនៅក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក ត្រាំ បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយមួយ នៅឯសេតវិមាននៅថ្ងៃទី១៦ ខែមីនា នៅពេលសួរអំពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិននាពេលខាងមុខថា៖ “ខ្ញុំចង់ទៅណាស់ ប៉ុន្តែដោយសារតែជម្លោះ ខ្ញុំចង់ស្នាក់នៅទីនេះសិន។ ខ្ញុំមានអារម្មណ៍ថាខ្ញុំត្រូវតែនៅទីនេះ។ ដូច្នេះយើងបានស្នើឲ្យពន្យារពេលកិច្ចប្រជុំប្រហែលមួយខែសិន”។
ប្រធានាធិបតីអាមរិករូបនេះ បានបន្តទៀតថា ៖” វាសាមញ្ញណាស់។ យើងកំពុងធ្វើសង្គ្រាម។ ខ្ញុំគិតថាវាសំខាន់ណាស់ដែលខ្ញុំត្រូវនៅទីនេះសិន ដូច្នេះប្រហែលជាយើងនឹងពន្យារពេលវាបន្តិច ប៉ុន្តែនឹងមិនយូរនោះទេ”។
គួរឲ្យផងដែរថា កន្លងមកសេតវិមានបានប្រកាសថា លោក ត្រាំ ត្រូវបានរំពឹងទុកថានឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ហើយនឹងធ្វើកិច្ចចរចាជាមួយប្រធានាធិបតី លោក ស៊ី ជិនពីង ពាក់ព័ន្ធទៅនឹងបញ្ហាពាណិជ្ជកម្មកន្លងមកផងដែរ។
ជម្រាបជូនថា កាលពីថ្ងៃទី១៥ ខែមីនា លោក ត្រាំ បានលើកឡើងពីលទ្ធភាពនៃការពន្យារពេលកិច្ចប្រជុំរបស់លោកជាមួយលោក ស៊ី ដោយបញ្ជាក់ថាការសម្រេចចិត្តនឹងអាស្រ័យលើថាតើប្រទេសចិនគាំទ្រការបើកច្រកសមុទ្រ Hormuz ឡើងវិញឬអត់។ អ៊ីរ៉ង់កំពុងបិទច្រកសមុទ្រ Hormuz ដើម្បីសងសឹកចំពោះសហរដ្ឋអាមេរិក និងអ៊ីស្រាអែលដែលបានចាប់ផ្តើមយុទ្ធនាការវាយប្រហារលើប្រទេសខ្លួន កាលពីចុងខែកុម្ភៈមក៕

