តម្លៃប្រេងសាំងនៅអាមេរិក បន្តហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានរយៈពេល ៣ឆ្នាំចុងក្រោយ

អន្តរជាតិ

ពលរដ្ឋអាមេរិក ត្រូវចំណាយបន្ថែមយ៉ាងហោចណាស់ ០,២០ដុល្លារក្នុងមួយលីត្រនៃប្រេងសាំង គិតចាប់តាំងពីមានជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើងមក ដោយសារតែការរំខានដល់ការផ្គត់ផ្គង់ថាមពលជាសកល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី១៦ ខែមីនា តម្លៃប្រេងសាំងជាមធ្យមនៅសហរដ្ឋអាមេរិកគឺ ៣,៧៦ដុល្លារក្នុងមួយហ្គាឡុង (ឬស្មើប្រមាណ ០,៩៩ដុល្លារក្នុងមួយលីត្រ) ដែលជាកម្រិតខ្ពស់បំផុតមួយ គិតចាប់តាំងពីខែតុលា ឆ្នាំ ២០២៣មក។ នេះបើយោងតាមទិន្នន័យពីគេហទំព័រតាមដានតម្លៃប្រេងឥន្ធនៈ GasBuddy។

យ៉ាងណាមិញ យោងតាមលោក Patrick De Haan ប្រធានផ្នែកវិភាគប្រេងឥន្ធនៈនៅ GasBuddy បាននិយាយថា លុះត្រាតែលំហូរប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ត្រូវបានស្តារឡើងវិញ បើមិនដូច្នោះទេសម្ពាធលើតម្លៃប្រេងឥន្ធនៈទំនងជានៅតែបន្តកើនឡើង”។

ជម្រាបជូនថា គិតចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាបានផ្ទុះឡើងនៅចុងខែកុម្ភៈ តម្លៃប្រេងសាំងនៅក្នុងប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក បានកើនឡើងជិត ៨០សេនក្នុងមួយហ្គាឡុង ( ឬ ០,២០ដុល្លារក្នុងមួយលីត្រ)។ ក្នុងរយៈពេលមួយខែកន្លងមកនេះ ការកើនឡើងសរុប គឺជិត ៣០% ដែលជាកម្រិតខ្ពស់បំផុត គិតចាប់តាំងពីមានព្យុះ Katrina បានវាយប្រហារសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ២០០៥៕​