កងកម្លាំងអ៊ីរ៉ង់ បានវាយប្រហាររោងចក្រ Ras Laffan LNG នៅក្នុងប្រទេសកាតា ដែលបណ្តាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ខណៈពេលដែលទីក្រុងដូហាបានថ្កោលទោសថាវាជាការវាយប្រហារដ៏ឃោរឃៅបំផុត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ក្រុមហ៊ុន Qatar Energy ដែលជាក្រុមហ៊ុនប្រេង និងឧស្ម័នជាតិធំបំផុតមួយរបស់ពិភពលោក បានបញ្ជាក់នៅថ្ងៃទី១៩ ខែមីនាថា មីស៊ីលអ៊ីរ៉ង់មួយគ្រាប់បានវាយប្រហារចំរោងចក្រឧស្ម័នធម្មជាតិរាវ (LNG) Ras Laffan ដែលមានទីតាំងប្រហែល ៨០គីឡូម៉ែត្រពីភាគខាងជើងនៃទីក្រុងដូហា។ នេះត្រូវបានគេស្គាល់ថាជារោងចក្រផលិតឧស្ម័នធម្មជាតិរាវធំជាងគេបំផុតរបស់ពិភពលោក។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Qatar Energy បាននិយាយថា ក្រុមសង្គ្រោះបន្ទាន់ត្រូវបានដាក់ពង្រាយភ្លាមៗដើម្បីទប់ស្កាត់អគ្គីភ័យ ហើយស្ថានភាពត្រូវបានគ្រប់គ្រងជាបន្តបន្ទាប់។ តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុននេះបានទទួលស្គាល់ថាការវាយប្រហារនេះបានបណ្តាលឲ្យការខូចខាតយ៉ាងទូលំទូលាយ។
ជម្រាបជូនថា តំបន់ឈូងសមុទ្រកំពុងទទួលរងការវាយប្រហារយ៉ាងខ្លាំងពីការសងសឹករបស់អ៊ីរ៉ង់ចំពោះការវាយប្រហារតាមអាកាសរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈមក៕

