រដ្ឋាភិបាលទីក្រុងតេអេរ៉ង់ កាលពីពេលថ្មីៗនេះ បានចោទប្រកាន់ប្រទេសអារ៉ាប់រួម (UAE) ថាបានចូលរួមសម្របសម្រួលដល់ការវាយប្រហាររបស់សហរដ្ឋអាមេរិកលើទឹកដីអ៊ីរ៉ង់ និងទាមទារសំណងពីទីក្រុងអាប៊ូដាប៊ី។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Nournews នៅថ្ងៃទី១៩ ខែមីនានេះ បានចេញផ្សាយលិខិតមួយច្បាប់ពីឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ លោក Amir Saeid Iravani ដែលផ្ញើជូនអគ្គលេខាធិការ UN លោក Antonio Guterres ដោយបញ្ជាក់ថា ការអនុញ្ញាតរបស់អារ៉ាប់រួម ក្នុងការប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បីធ្វើការវាយប្រហារតាមអាកាស គឺជាទង្វើខុសឆ្គងក្រោមច្បាប់អន្តរជាតិ និងជាកម្មវត្ថុនៃការទទួលខុសត្រូវជាតិ។
អ៊ីរ៉ង់ បានអះអាងទៀតថា ក្រោមច្បាប់អន្តរជាតិ UAE ទទួលខុសត្រូវចំពោះការចំណាយ រួមទាំងសំណងពេញលេញសម្រាប់ការខូចខាតសម្ភារៈ និងផ្នែកអារម្មណ៍។ ប៉ុន្តែទោះជាយ៉ាងណា UAE មិនទាន់បានធ្វើអត្ថាធិប្បាយលើព័ត៌មាននេះនៅឡើយទេ។
មិនតែប៉ុណ្នោះ នៅក្នុងលិខិតនោះ ឯកអគ្គរដ្ឋទូត លោក Iravani ក៏បានរិះគន់ចំៗលើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំពោះ ភាពស្ងៀមស្ងាត់របស់ពួកគេ នៅចំពោះមុខការធ្វើឃាតម្តងហើយម្តងទៀតរបស់អ៊ីស្រាអែលលើមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់។
គួរឲ្យដឹងថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល និងអាមេរិករហូតមកដល់ពេលនេះបានសម្លាប់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់យ៉ាងហោចណាស់ ១០ នាក់រួចមកហើយ ដែលភាគច្រើនជាអ្នកកាន់តំណែងសំខាន់ៗក្នុងវិស័យការពារជាតិ។
ជម្រាបជូនថា អារ៉ាប់រួមគឺជាដៃគូពាណិជ្ជកម្មធំទីពីររបស់អ៊ីរ៉ង់ បន្ទាប់ពីប្រទេសចិន។ តែទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមការវាយលុករបស់ពួកគេប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ អារ៉ាប់រួមបានក្លាយជាគោលដៅចម្បងរបស់អ៊ីរ៉ង់សម្រាប់ការសងសឹក៕

