ម៉ាឡេស៊ី រំពឹងទុកថាសេដ្ឋកិច្ចឌីជីថល នឹងជួយរួមចំណែកធំ ដល់ GPD របស់ខ្លួន ក្នុងឆ្នាំ ២០២៥

អន្តរជាតិ

ថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងឌីជីថល លោក Fahmi Fadzil បាននិយាយថា សេដ្ឋកិច្ចឌីជីថល ត្រូវបានរំពឹងទុកខ្ពស់ថា នឹងជួយរួមចំណែករហូតដល់ទៅ ២៥,៥%​ ក្នុងផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសម៉ាឡេស៊ី នៅក្នុងឆ្នាំ ២០២៥ ខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានេះផងដែរ លោក Fahmi បាននិយាយទៀតថា ជាមួយនឹងកំណើនវិជ្ជមាននាពេលបច្ចុប្បន្ននៃសេដ្ឋកិច្ច និងការវិនិយោគនាពេលខាងមុខ នឹងផ្តល់ឱ្យម៉ាឡេស៊ី អាចសម្រេចបាននូវគោលដៅរបស់ខ្លួន លឿនជាងការរំពឹងទុក ។

យ៉ាងណាមិញ ការដាក់ក្តីរំពឹងទុកខ្ពស់បែបនេះ គឺត្រូវបានកើតឡើង បន្ទាប់ពីក្រុមហ៊ុន Vantage Data Centers ដែលជាក្រុមហ៊ុនផ្តល់សេវាផ្ទុកទិន្នន័យខ្នាតយក្សលំដាប់ពិភពលោក និងឈានមុខគេនៅសហរដ្ឋអាមេរិក បានប្រកាសអំពីការអភិវឌ្ឍទៅលើមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួនចំនួន ២ នៅក្នុងប្រទេសម៉ាឡេស៊ី ជាមួយនឹងការបោះទុនវិនិយោគបន្ថែមរហូតដល់ ១៣,៣២ពាន់លានរីងហ្គីត ឬស្មើនឹង ៣ពាន់លានដុល្លារអាមេរិក ។

គួរឱ្យដឹងផងដែរថា ចំពោះមជ្ឈមណ្ឌលទាំងពីរនេះ នឹងក្លាយជាទីតាំងផ្ទុកទិន្នន័យដ៏ធំបំផុតរបស់ក្រុមហ៊ុន Vantage នៅអាស៊ីអាគ្នេយ៍ និងនៅក្នុងតំបន់។ ហើយស្របពេលជាមួយគ្នានេះផងដែរ ក្រុមហ៊ុន Leave A Nest ដែលជាអាជីវកម្មផ្តោតទៅលើការច្នៃប្រឌិត ក៏បានប្រកាសដាក់ទុនវិនិយោគ ២០លានរីងហ្គីត នៅក្នុងប្រទេសម៉ាឡេស៊ី ផងដែរ​ ។

មិនតែប៉ុណ្ណោះ លោក Fahmi បានសង្កត់ធ្ងន់ទៀតថា ចំពោះការប្រកាសបែបនេះ គឺបង្ហាញពីសញ្ញាវិជ្ជមាន ដែលក្រុមហ៊ុនវិនិយោគបរទេស នៅតែជ្រើសរើសយកប្រទេសម៉ាឡេស៊ី ជាគោលដៅធំរបស់ពួកគេ ដើម្បីមកធ្វើការវិនិយោគ ដោយក្តីពេញចិត្ត ។

រដ្ឋមន្ត្រីរូបនេះ បានបន្ថែមទៀតថា វាមានសារ:សំខាន់ខ្លាំងណាស់ ក្នុងការធានាបាននូវការវិនិយោគ ប្រកបដោយនិរន្តរភាព និងអាចផ្តល់ឱកាសដើម្បីពង្រីកបន្ថែមទៀតសម្រាប់ក្រុមហ៊ុនក្នុងស្រុក រួមទាំងអ្នកសរសេរកម្មវិធី អ្នកបង្កើតគំនូរជីវចល និងសហគ្រិន នៅក្នុងវិស័យឌីជីថលល ផងដែរ ៕