ការព្យាបាលជំងឺរបេងជូនប្រជាជនដោយឥតគិតថ្លៃគឺជារឿងចាំបាច់ ខណៈសម្តេចថា កិច្ចការនេះ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងជាហេតុធ្វើឱ្យអត្រាឈឺនិងស្លាប់ដោយសារជំងឺរបេង មានការធ្លាក់ចុះយ៉ាងខ្លាំង ធៀបនឹងបណ្តាប្រទេសដទៃ។

នេះបើយោងតាមការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈ សារលិខិត ក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ក្រោមប្រធានបទ៖ «មែនហើយ ! យើងអាចបញ្ចប់ជំងឺរបេង៖ ដឹកនាំដោយប្រទេសជាតិ ជំរុញដោយប្រជាជន» ដែលផ្សាយចេញនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។
សម្តេចធិបតី បានបន្តថា យើងក៏បានធ្វើការស្រាវជ្រាវ និងផ្តល់ការព្យាបាលជំងឺរបេងជូនប្រជាជនដោយឥតគិតថ្លៃ ដែលកិច្ចការនេះ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងជាហេតុធ្វើឱ្យអត្រាឈឺនិងស្លាប់ដោយសារជំងឺរបេង មានការធ្លាក់ចុះយ៉ាងខ្លាំង ធៀបនឹងបណ្តាប្រទេសដទៃ។
ជាក់ស្តែង សម្តេចធិបតី បញ្ជាក់ថា អត្រាស្លាប់ដោយសារជំងឺរបេងបានថយចុះពី ៨០ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០០០ មកត្រឹម ១៨ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ ក្នុងឆ្នាំ២០២៤ ដែលមាន អត្រាធ្លាក់ចុះស្មើនឹង៧៨%។ រីឯអត្រាកើតមានជំងឺថ្មី (អាំងស៊ីដង់) បានធ្លាក់ចុះពី ៨៥៣ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០០០ មកត្រឹម ២៧២ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០២៤ គឺបានថយចុះ ៦៨% ផងដែរ។
ទោះបីជាយើងទទួលបានជោគជ័យ ក៏ប្រទេសកម្ពុជានៅមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងក្នុង កម្រិតខ្ពស់នៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសមួយចំនួនទៀតនៅសកលលោក។ បញ្ហានេះតម្រូវឱ្យយើងត្រូវ បង្កើនល្បឿននៃកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការបន្ថែមទៀត ដើម្បីកាត់បន្ថយជាអតិបរមានៃអត្រាឈឺ និងស្លាប់ ដោយសារជំងឺរបេង ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ក្នុងស្មារតីនេះ សម្តេចធិបតីថា យើងទាំងអស់គ្នាត្រូវបន្តជំរុញ ការយកចិត្តទុកដាក់ដោះស្រាយបញ្ហាជំងឺរបេង ប្រកបដោយស័ក្តិសិទ្ធភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីលើកកម្ពស់ សុខភាព គុណភាពនៃការរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋយើង។ ប្រជាពលរដ្ឋមានសុខុមាលភាព រួមចំណែក ដល់ការអភិវឌ្ឍធនធានមនុស្ស និងសកម្មភាពសង្គម សេដ្ឋកិច្ច ដើម្បីបង្កើនលទ្ធភាព និងជីវភាពរស់នៅកាន់តែល្អប្រសើរ ស្របតាមគោលដៅនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕ អត្ថបទ៖ហ្សាលីន

