រដ្ឋាភិបាល កំពុងខិតខំរក្សាថ្លៃអគ្គិសនីកុំឱ្យឡើង ដើម្បីសម្រួលដល់អ្នកប្រើប្រាស់ និងអ្នកវិនិយោគ

សង្គម​និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានឱ្យដឹងថា រាជរដ្ឋាភិបាល កំពុងខិតខំរក្សាថ្លៃអគ្គិសនីមិនឱ្យឡើង សំដៅឈានទៅជួយសម្រួលដល់អ្នកប្រើប្រាស់អគ្គិសនី និងអ្នកវិនិយោគនៅកម្ពុជា។នេះបើយោងតាមខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតីថ្លែងក្នុងវេទិការាជរដ្ឋាភិបាល​-ផ្នែកឯកជន​ លើកទី១៩ កាលថ្ងៃទី១៣​ វិច្ឆិកា​ ២០២៣ នៅវិមានសន្តិភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានឱ្យដឹងថា ពាក់ព័ន្ធនឹងវិស័យថាមពល កន្លងមក រាជរដ្ឋាភិបាល ក៏ទទួលបានការស្នើសុំបញ្ចុះថ្លៃអគ្គិសនី និងការអនុញ្ញាតឱ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូលផងដែរ។

ប៉ុន្តែទោះជាយ៉ាងនេះក្តី សម្តេចធិបតី អះអាងថា៖«លទ្ធភាពនៃការបញ្ចុះថ្លៃអគ្គិសនី គឺអាស្រ័យទៅតាមស្ថានភាពនិរន្តភាពនៃអាជីវកម្ម និងស្ថិរភាព នៃការផ្គត់ផ្គង់ ដែលត្រូវមានការសិក្សាឱ្យបានច្បាស់លាស់ និង គ្រប់ជ្រុងជ្រោយ ខណៈក្នុងស្ថានភាពដ៏លំបាក ដោយសារវិបត្តិជំងឺកូវីដ-១៩ និង នយោបាយសកលលោក ដែលបានធ្វើឱ្យកើតមានវិបត្តិថាមពល និងការឡើងថ្លៃនៃប្រេងឥន្ធនៈ ប្រទេសជាច្រើន រួមទាំងប្រទេសជិត ខាងរបស់កម្ពុជា បានដំឡើងថ្លៃអគ្គិសនីជាបន្តបន្ទាប់ ដើម្បីទប់នឹងការខាតបង់អាជីវកម្ម»។

យ៉ាងណាមិញ ជុំវិញការបញ្ចុះថ្លៃអគ្គិសនីនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា សម្រាប់កម្ពុជា​រាជរដ្ឋាភិបាល បាននិងកំពុង ខិតខំរក្សាថ្លៃអគ្គិសនីមិនឱ្យឡើង សំដៅជួយ សម្រួលដល់អ្នកប្រើប្រាស់អគ្គិសនី និង អ្នកវិនិយោគទាំងអស់ឱ្យកាន់តែខ្លាំងថែមទៀត។

ដោយសម្តេចធិបតី បានបញ្ជាក់ថា៖« ជាគោលការណ៍ រាជរដ្ឋាភិបាល តែងខិតខំបញ្ចុះថ្លៃអគ្គិសនី ឱ្យអស់លទ្ធភាព ដើម្បីកាត់បន្ថយថ្លៃដើម ផលិតកម្ម ព្រមទាំងសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាជន ពិសេសដើម្បីរួមចំណែកជំរុញសេដ្ឋកិច្ចជាតិ»។

ហេតុនេះ សម្តេចធិបតី បានសង្កត់ធ្ងន់ផងដែរថា ដើម្បីអនុវត្តការងារនេះឱ្យកាន់តែមានប្រសិទ្ធភាព រាជរដ្ឋាភិបាល បានណែនាំឱ្យអគ្គិសនីកម្ពុជា ពិនិត្យលទ្ធភាពផ្តល់ថ្លៃអនុគ្រោះជូនអតិថិជនឧស្សាហកម្ម និងកសិកម្ម ចំពោះបរិមាណថាមពលបើលើស ដែលនេះគឺជាការលើកទឹកចិត្តដល់អ្នកវិនិយោគឱ្យបង្កើនការផលិត និងបង្កើនការងារបន្ថែមទៀត។

សូមរម្លឹកដែរថា រាជរដ្ឋាភិបាលតាមរយៈក្រសួងរ៉ែ និងថាមពល និងអាជ្ញាធរអគ្គិសនីកម្ពុជា បានប្រកាសបញ្ចុះថ្លៃអគ្គិសនីចំពោះបរិមាណអគ្គិសនី ដែលអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម ដែលភ្ជាប់ពីបណ្តាញតង់ស្យុងមធ្យម និងតង់ស្យុងខ្ពស់ក្នុងក្របខណ្ឌទូទាំងប្រទេស។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។

ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ការបញ្ចុះថ្លៃអគ្គិសនីសម្រាប់ប្រភេទឧស្សាហកម្ម និងកសិកម្មនេះ គឺក្នុងគោលដៅជម្រុញការពង្រីកផលិតកម្មរោងចក្រ និងសហគ្រាស ផ្នែកឧស្សាហកម្ម និងផ្នែកកសិកម្ម ដើម្បីបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ៕ អត្ថបទ៖ រង្សី