ពិតជាទំពាំងល្អសម្រាប់ជាតិមែន! សិស្សថ្នាក់ទី៥ East West International School នាំយកសម្ភារៈសិក្សារបស់ «មូលនិធិអប់រំកុមារ» ជូនដល់សិស្សានុសិស្សនៅសាលាដូង គីរីរម្យ ប្រមាណ ១៥០នាក់

សង្គម​ និង​សេដ្ឋកិច្ច

ជួយគ្នាដើម្បីអនាគតកុមារកម្ពុជាមានចំណេះដឹង និងផ្ដល់ឱ្យកុមារក្រីក្ររៀនបានយ៉ាងហោចណាស់ចប់ថ្នាក់ទី១២, «មូលនិធិអប់រំកុមារ» តែងតែបន្ដបេសកកម្មនាំយកអំណោយជាសម្ភារៈសិក្សាជូនដល់សិស្សានុសិស្សដែលមានជីវភាពក្រីក្រពិតប្រាកដ ដើម្បីឱ្យពួកគេមានលទ្ធភាព និងមានកម្លាំងចិត្ដបន្ដការសិក្សា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្ដែង កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ «មូលនិធិអប់រំកុមារ» តាមរយៈសិស្សថ្នាក់ទី៥នៃសាលា East West International School បាននាំយកសម្ភារៈសិក្សាជាច្រើន ក្នុងនោះរួមមាន៖ សៀវភៅ ៤៨០ក្បាល ប៊ិច ៣០០ដើម តាតាប ១៥០ និងសៀវភៅភាសាអង់គ្លេសសម្រាប់កុមារ ១០ក្បាលផងដែរ។

លើកឡើងលើបណ្ដាញសង្គមផ្ទាល់ខ្លួន នៅថ្ងៃទី១៧ ខែមីនានេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធាន «មូលនិធិអប់រំកុមារ» បានបញ្ជាក់ថា «មូលនិធិអប់រំកុមារ» នឹងបន្តបេសកម្ម បន្តទៀនៅពេលជិតចូលឆ្នាំខ្មែរ។ ទន្ទឹមនឹងនោះ លោកក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលតែងតែបានចូលរួមជាថវិកា ជាសម្ភារៈសិក្សាដល់មូលនិធិ ដើម្បីជួយដល់សិស្សក្រីក្រពិតប្រាកដ។

ទន្ទឹមគ្នានេះ អ្នកគ្រូសាលា East West International School ដែលបានដឹកនាំសិស្សទៅធ្វើកម្មវិធីសប្បុរសនេះ បានថ្លែងអំណរគុណសប្បុរសជនយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តរបស់បងប្អូនទាំងអស់គ្នា។ ការចែករំលែកនេះមិនត្រឹមតែជាជំនួយសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចែករំលែកក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងការលើកទឹកចិត្តដល់សិស្សានុសិស្សផងដែរ។

អ្នកគ្រូបន្ដថា សកម្មភាពដ៏មានន័យនេះបាននាំមកនូវភាពរីករាយ និងស្នាមញញឹមជាច្រើនដល់សិស្សានុសិស្ស ហើយក៏ជាគំរូល្អមួយនៃការចែករំលែក និងការថែរក្សាសង្គមដែលសិស្សានុសិស្សថ្នាក់ទី ៥ បានឃើញហើយយកគំរូតាម ។

គួរបញ្ជាក់ផងដែរថា «មូលនិធិអប់រំកុមារ» បានបង្កើតឡើងនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ និងចំណាយថវិកាផ្ទាល់របស់លោកបណ្ឌិត គី សេរីវឌ្ឍន៍ អមជាមួយនឹងការចូលរួមពីសប្បុរសជននានា ដើម្បីជួយដល់កុមារតូចៗ ដែលស្រឡាញ់ការសិក្សារៀនសូត្រ ប៉ុន្តែប្រឈមនឹងការបោះបង់ការសិក្សា ដោយសារតែមិនមានលទ្ធភាពក្នុងការបន្តការសិក្សារៀនសូត្រ។

«មូលនិធិអប់រំកុមារ» មានគោលដៅចង់ឱ្យកុមាដែលស្រលាញ់ការសិក្សារៀនសូត្រ អាចមានលទ្ធភាពរៀនសូត្របានយ៉ាងហោចណាស់ត្រឹមថ្នាក់ទី១២ ហើយប្រសិនជាកុមានោះខ្វះលទ្ធភាពបន្តការសិក្សាថ្នាក់មហាវិទ្យាល័យនោះមូលនិធិនឹងព្យាយាមស្វែងរកអាហាររូបករណ៍ដល់កុមារដែលស្រលាញ់ការសិក្សាទាំងនោះថែមទៀត៕