(ភ្នំពេញ)៖ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំកំពូលឆ្នាំ២០២៦ ក្រោមប្រធានបទ «ការពង្រឹងផលិតកម្មសត្វដើម្បីធានាសន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព» ដើម្បីធ្វើបច្ចុប្បន្នភាពការងារចិញ្ចឹមសត្វ បញ្ហាប្រឈម និងការពង្រឹងផលិតកម្មចិញ្ចឹមសត្វក្នុងប្រទេសមាននិរន្តរភាព។

ពិធីនេះ រៀបចំឡើងក្រោមអធិបតី លោកបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ ទទួលបន្ទុកផែនការ វិនិយោគកសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា និងវត្តមានចូលរួមពីថ្នាក់នាំក្រសួងពាក់ព័ន្ធ, លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា, លោក លី ឡាវីល ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា, សមាជិក សមាជិកា សមាគម និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបផ្សេងទៀត។
ជាកិច្ចចាប់ផ្ដើម លោក ស៊្រុន ពៅ បានលើកឡើងពីគោលបំណងនៃការរៀបចំកិច្ចប្រជុំដ៏ធំនេះឡើង សកម្មភាពមួយចំនួនក្នុងកិច្ចប្រជុំ និងបានបង្ហាញពីលទ្ធផលការងារមួយចំនួនទៅកាន់អង្គពិធី។ លោក បានបញ្ជាក់ថា វិស័យចិញ្ចឹមសត្វនៅកម្ពុជាកំពុងមានសន្ទុះជាខ្លាំង ដោយផលិតកម្មជ្រូករស់ ធានាការផ្គត់ផ្គង់គ្រប់គ្រាន់ ទៀងទាត់ និងបាននាំចេញទៅប្រទេសជិតខាងផងដែរ។
ដោយឡែក ផលិតកម្មបក្សី និងស៊ុត អាចធានាការផ្គត់ផ្គង់បានគ្រប់តម្រូវការ ខណៈដែលផលិតកម្ម សត្វគោ ក្របី ពពែរ ចៀម កំពុងមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ។ លោក បានសង្កត់ធ្ងន់ថា៖ «លទ្ធផលទាំងនេះសរបញ្ជាក់ឱ្យឃើញថា វិស័យចិញ្ចឹមសត្វ ពិតជាបានចូលរួមធានាសន្តិសុខស្បៀង ចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា»។
ជាមួយគ្នានេះដែរ លោកបណ្ឌិត ម៉ុង ឫទ្ធី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា(CLRA) ដែលច្រើនឆ្នាំមកបានចូលរួមយ៉ាងសកម្មក្នុងការរួមចំណែកអភិវឌ្ឍវិស័យនេះ តាមរយៈការចែករំលែកចំណេះ ដឹង បច្ចេកវិទ្យា និងការសហការជាមួយដៃគូជាតិ និងអន្តរជាតិ។
ក្នុងបរិបទពិភពលោកបច្ចុប្បន្នដែលកំពុងប្រឈមមុខនឹងបញ្ហាសង្គ្រាម ការប្រែប្រួលអាកាសធាតុ ការរំខានខ្សែសង្វាក់ផ្គត់ផ្គង់ និងការកើនឡើងតម្រូវការអាហារវិស័យបសុសត្វមានតួនាទីសំខាន់យ៉ាងខ្លាំង ក្នុងការធានាសន្តិសុខស្បៀង ការបង្កើនចំណូលប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
លោកបណ្ឌិត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់លើវិស័យកសិកម្ម ជាពិសេសវិស័យបសុសត្វ ដោយបានដាក់ចេញនូវគោលនយោបាយ និងវិធានការជាច្រើនដើម្បីលើកកម្ពស់ផលិតកម្មក្នុងស្រុកកាត់បន្ថយការនាំចូល និងបង្កើនសមត្ថភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។
លោក បានគូសបញ្ជាក់ថា «វិស័យបសុសត្វមិនមែនត្រឹមតែជាអាជីវកម្មទេ ប៉ុន្តែជា «សសរស្តម្ភសន្តិសុខស្បៀងជាតិ» និងជាអ្នកបង្កើតការងារសម្រាប់ប្រជាពលរដ្ឋរាប់លាននាក់។ ទោះបីបញ្ហាប្រឈមមួយចំនួននៅតែមាន ក៏ប៉ុន្តែនៅពេលដែលភាគីទាំងអស់សហការជាមួយគ្នា បញ្ហានឹងត្រូវបានដោះស្រាយ»។
សូមជម្រាបថា វិស័យចិញ្ចឹមសត្វ គឺជាវិស័យស្នូលមួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិសុខអាហាររបស់ប្រទេស វាមានតួនាទីសំខាន់ក្នុងការផ្គត់ផ្គង់អាហារ បង្កើតការងារ កាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលយើងទាំងអស់គ្នាមិនអាចបោះបង់ចោលបាន។
ទិសដៅរបស់រាជរដ្ឋាភិបាល តែងតែផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍវិស័យ កសិកម្ម និងចិញ្ចឹមសត្វជាពិសេស ការពង្រឹងសុខភាពសត្វ និងការគ្រប់គ្រងជំងឺ ការកែលម្អគុណភាពផលិតកម្ម ការលើកកម្ពស់ស្តង់ដារ និងសុវត្ថិភាពអាហារ ការគាំទ្រកសិករ និងអ្នកវិនិយោគទាំងអស់។
លោកបណ្ឌិត ជឿជាក់យ៉ាងមុតមាំថាកិច្ចប្រជុំកំពូលថ្ងៃនេះ នឹងក្លាយជាវេទិកាសំខាន់សម្រាប់ការពិភាក្សា ការចែករំលែកបទពិសោធន៍ និងការកំណត់ទិសដៅអនាគតសម្រាប់វិស័យបសុសត្វនៅកម្ពុជា៕








