មហាសេដ្ឋីមានដាច់គេនៅលើលោក Elon Musk កាលពីពេលថ្មីៗនេះ បានបង្ហាញឲ្យដឹងថាក្រុមហ៊ុន SpaceX និង Tesla របស់ខ្លួន នឹងសាងសង់រោងចក្រផលិតបន្ទះឈីបទំនើបចំនួនពីរ នៅក្នុងទីក្រុង Austin រដ្ឋ Texas ដោយមួយដើម្បីផ្គត់ផ្គត់ថាមពលដល់រថយន្ត និងមនុស្សយន្ត និងមួយទៀតសម្រាប់មជ្ឈមណ្ឌលផ្ទុកទិន្ននន័យ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការលើកឡើងរបស់លោក Musk បែបនេះ គឺត្រូវបានធ្វើឡើងបនញទាប់ពីមានការប្រកាសអំពីផែនការនៃការសាងសង់រោងចក្រ Terafab ដែលផ្តោតសំខាន់ទៅលើបន្ទះឈីប AI កម្រិតខ្ពស់ទំនើបបំផុតមួយ នៅក្នុងទីក្រុង Austin ។
មិនតែប៉ុណ្ណោះ លោក Musk បានសរសេរនៅក្នុងសារមួយនៅលើបណ្តាញសង្គម X របស់ខ្លួនថា៖ “Terafab នឹងចែកចេញជារោងចក្រពីរ ដែលរោងចក្រនីមួយៗ នឹងផ្តោតតែលើការផលិតបន្ទះឈីបប៉ុណ្ណោះ”។
កាលពីមុន លោក Musk ធ្លាប់បាននិយាយថា Tesla នឹងត្រូវសាងសង់រោងចក្រផលិតបន្ទះឈីប AI ផ្ទាល់ខ្លួន ចំពេលកំពុងមានចចាមអារ៉ាមថាអាចនឹងរួមបញ្ចូលជាមួយក្រុមហ៊ុន SpaceX ផងដែរ។
ជម្រាបជូនផងដែរថា SpaceX ថ្មីៗនេះបានរួមបញ្ចូលគ្នាជាមួយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម X និងក្រុមហ៊ុនបញ្ញាសិប្បនិម្មិត xAI រួចទៅហើយ ចំពេលមានការព្យាករថាតម្លៃមូលធនទីផ្សារនៃក្រុមហ៊ុននេះ អាចនឹងហក់ឡើងដល់ ១,៧៥ទ្រីលានដុល្លារ៕

