ទីក្រុងនរា (Norea City) របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ និងក្រុមហ៊ុនសែលកាត នៅថ្ងៃទី២៤ ខែមីនា បានប្រកាសបើកដំណើរការជាផ្លូវការនូវ WiFiX ជាសេវា WiFi សាធារណៈឥតគិតថ្លៃ ដែលជួយលើកកម្ពស់បទពិសោធន៍នៃការរស់នៅបែបសម័យថ្មី និងការតភ្ជាប់ឌីជីថលឱ្យកាន់តែងាយស្រួល ទំលំទូលាយ និងមានប្រសិទ្ធភាព។

WiFiX បានផ្តល់នូវការតភ្ជាប់ល្បឿនលឿន រហ័ស ស្ថិរភាព និងងាយស្រួលប្រើប្រាស់ សម្រាប់អ្នករស់នៅ និងភ្ញៀវទេសចរណ៍ទាំងអស់នៅក្នុងទីក្រុងនរា។ លោក Lim Kean An ប្រធានផ្នែកពាណិជ្ជកម្មទីក្រុងនរា មានប្រសាសន៍ថា៖ «WiFi សាធារណៈនេះ ត្រូវបានរចនាឡើងសម្រាប់មនុស្សគ្រប់គ្នាចាប់តាំងពីសិស្ស និស្សិត អ្នកធ្វើការ ម្ចាស់អាជីវកម្ម និងភ្ញៀវទេសចរ។ តាមរយៈការផ្តល់ជូនការប្រើប្រាស់ដោយឥតគិតថ្លៃ មានសុវត្ថិភាព និងប្រើបាន ២៤ ម៉ោង នៅតាមតំបន់ក្នុងបរិវេណទីក្រុងនរា សហគមន៍របស់យើងខ្ញុំអាចរក្សាការតភ្ជាប់បានយ៉ាងងាយស្រួល ដោយមិនចាំបាច់បារម្ភពីរឿងចំណាយ»។
ចំណុចពិសេសៗ WiFiX រួមមានដូចជា៖ ប្រើប្រាស់ WiFi សាធារណៈដោយឥតគិតថ្លៃ និងងាយស្រួល, គ្របដណ្តប់តំបន់សំខាន់ៗប្រហែល ៥ គីឡូម៉ែត្រ, ល្បឿនលឿន និងការតភ្ជាប់ដែលអាចជឿទុកចិត្តបាន។
សូមជម្រាបថា ទីក្រុងនរា គឺជាគម្រោងអភិវឌ្ឍន៍ទីក្រុងរណបរបស់ក្រុមហ៊ុន OCIC របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ ដែលមានទុនវិនិយោគសរុបជាង ២,៥ ពាន់លានដុល្លារអាមេរិក។ ទីក្រុងនរា ស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ លើផ្ទៃដីប្រមាណ ១២៥ ហិកតា ហើយទីក្រុងនេះត្រូវបានរៀបចំឡើង ដើម្បីក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មកម្រិតជាតិ និងអន្តរជាតិ៕



