ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថាលោកនឹងចុះហត្ថលេខាលើបទបញ្ជាបន្ទាន់មួយដែលតម្រូវឲ្យមានការបើកប្រាក់ខែជាបន្ទាន់សម្រាប់បុគ្គលិកសន្តិសុខអាកាសយានដ្ឋាន (TSA) ដែលបានធ្វើការដោយគ្មានប្រាក់ឈ្នួលទាល់តែសោះ ក្នុងរយៈពេលមួយខែកន្លងមក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social របស់ខ្លួន នៅថ្ងៃទី២៦ ខែមីនាថា ៖”នេះមិនមែនជាកិច្ចការងាយស្រួលនោះទេ ប៉ុន្តែខ្ញុំនឹងធ្វើវា”។ លោកត្រាំ សង្កត់ធ្ងន់ទៀតថា លោកនឹងចុះហត្ថលេខាលើបទបញ្ជាបន្ទាន់មួយដែលតម្រូវឲ្យក្រសួងសន្តិសុខមាតុភូមិ (DHS) បើកប្រាក់ខែដល់បុគ្គលិក TSA ជាបន្ទាន់។
គួរឲ្យដឹងថា TSA គឺជាទីភ្នាក់ងារទទួលខុសត្រូវចំពោះសន្តិសុខនៅចំណុចត្រួតពិនិត្យអាកាសយានដ្ឋាននៅសហរដ្ឋអាមេរិក។ បុគ្គលិក TSA មានប្រហែល ៥ ០០០ នាក់ត្រូវបានចាត់ទុកថាជាកម្មករដ៏សំខាន់ ហើយពួកគេបានបន្តធ្វើការងារ បើទោះបីជាក្រសួងសន្តិសុខមាតុភូមិ (DHS) ត្រូវបានបិទដោយផ្នែកអស់រយៈពេលជាងមួយខែ ដោយសារតែខ្វះថវិកាពីសភាក៏ដោយ។
មិនតែប៉ុណ្ណោះ ប្រធានាធិបតីអាមេរិក ក៏បានពន្យល់ផងដែរថា លោកបានចុះហត្ថលេខាលើបទបញ្ជាបន្ទាន់នេះ ពីព្រោះលោកចង់បញ្ចប់ភាពវឹកវរនៅតាមអាកាសយានដ្ឋានឲ្យបានឆាប់រហ័ស ប៉ុន្តែមិនបានបញ្ជាក់ថាពេលណាផែននេះនឹងត្រូវបានអនុវត្តនោះឡើយ។
ជម្រាបជូនថា បុគ្គលិក TSA អាចទាមទារប្រាក់ឈ្នួលមកវិញនៅពេលដែលមូលនិធិត្រូវបានស្តារឡើងវិញ ប៉ុន្តែវាមិនអាចដោះស្រាយបញ្ហាហិរញ្ញវត្ថុភ្លាមៗរបស់ពួកគេបានទេ។ ប្រាក់ខែប្រចាំឆ្នាំជាមធ្យមសម្រាប់បុគ្គលិក TSA ម្នាក់គឺចម្លោះពី ៤ ៦០០០ដុល្លារ ទៅ ៥៥ ០០០ដុល្លារ៕

