អាកាសចរណ៍ចិន ចាប់ផ្តើមជើងហោះហើរត្រង់ទៅកាន់កូរ៉េខាងជើង ក្រោយផ្អាកអស់ ៦ឆ្នាំ

អន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍ Air China របស់ប្រទេសចិន បានចាប់ផ្តើមជើងហោះហើរត្រង់រវាងទីក្រុងប៉េកាំង និងទីក្រុងព្យុងយ៉ាងឡើងវិញ នៅថ្ងៃចន្ទនេះ បន្ទាប់ពីបានផ្អាកអស់រយៈពេល ៦ឆ្នាំ ដែលជាសញ្ញាមួយផ្សេងទៀតដែលបង្ហាញថាប្រទេសកូរ៉េខាងជើង កំពុងបើកជើងមេឃរបស់ខ្លួនបន្តិចម្តងៗ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន China Daily។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទិន្នន័យរបស់ FlightStats ជើងហោះហើរ CA121 បានចាកចេញពីអាកាសយានដ្ឋានរដ្ឋធានីប៉េកាំងនៅម៉ោង ៧:៥៨នាទី ព្រឹក (ម៉ោងនៅប្រទេសចិន) ហើយបានទៅដល់អាកាសយានដ្ឋានអន្តរជាតិ Sunan ទីក្រុងព្យុងយ៉ាងនៅម៉ោង ១០:៣៧នាទី ព្រឹក ។

យោងតាមគេហទំព័រទេសចរណ៍ Trip.com ក៏បានបង្ហាញឲ្យដឹងទៀតផងដែរថា យន្តហោះនេះគឺជាយន្តហោះប្រភេទ Boeing 737-700 ដែលមានសមត្ថភាពផ្ទុកអ្នកដំណើររហូតដល់ ១២៨ នាក់ ដោយក្នុងនោះមានតែអ្នកធ្វើដំណើរដែលមានអាជីវកម្ម ទៅសិក្សា ឬគោលបំណងពិសេសផ្សេងទៀតប៉ុណ្ណោះដែលអាចធ្វើដំណើរឆ្លងកាត់ព្រំដែននេះបាន។

ជម្រាបជូនផងដែរថា នៅមុនពេលមានការផ្អាក ដោយសារតែជំងឺរាតត្បាត នៅឆ្នាំ២០២០ ភ្ញៀវទេសចរចិន មានចំនួនភាគច្រើននៃភ្ញៀវទេសចរបរទេសដែលធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើង ដោយក្នុងនោះមានចំនួនប្រមាណ ៣៥០ ០០០ នាក់ក្នុងឆ្នាំ២០១៩ និងផ្តល់ប្រាក់ចំណូលយ៉ាងច្រើនសម្រាប់ទីក្រុងព្យុងយ៉ាង៕​