ក្រុមហ៊ុនអាកាសចរណ៍ Air China របស់ប្រទេសចិន បានចាប់ផ្តើមជើងហោះហើរត្រង់រវាងទីក្រុងប៉េកាំង និងទីក្រុងព្យុងយ៉ាងឡើងវិញ នៅថ្ងៃចន្ទនេះ បន្ទាប់ពីបានផ្អាកអស់រយៈពេល ៦ឆ្នាំ ដែលជាសញ្ញាមួយផ្សេងទៀតដែលបង្ហាញថាប្រទេសកូរ៉េខាងជើង កំពុងបើកជើងមេឃរបស់ខ្លួនបន្តិចម្តងៗ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន China Daily។

យោងតាមទិន្នន័យរបស់ FlightStats ជើងហោះហើរ CA121 បានចាកចេញពីអាកាសយានដ្ឋានរដ្ឋធានីប៉េកាំងនៅម៉ោង ៧:៥៨នាទី ព្រឹក (ម៉ោងនៅប្រទេសចិន) ហើយបានទៅដល់អាកាសយានដ្ឋានអន្តរជាតិ Sunan ទីក្រុងព្យុងយ៉ាងនៅម៉ោង ១០:៣៧នាទី ព្រឹក ។
យោងតាមគេហទំព័រទេសចរណ៍ Trip.com ក៏បានបង្ហាញឲ្យដឹងទៀតផងដែរថា យន្តហោះនេះគឺជាយន្តហោះប្រភេទ Boeing 737-700 ដែលមានសមត្ថភាពផ្ទុកអ្នកដំណើររហូតដល់ ១២៨ នាក់ ដោយក្នុងនោះមានតែអ្នកធ្វើដំណើរដែលមានអាជីវកម្ម ទៅសិក្សា ឬគោលបំណងពិសេសផ្សេងទៀតប៉ុណ្ណោះដែលអាចធ្វើដំណើរឆ្លងកាត់ព្រំដែននេះបាន។
ជម្រាបជូនផងដែរថា នៅមុនពេលមានការផ្អាក ដោយសារតែជំងឺរាតត្បាត នៅឆ្នាំ២០២០ ភ្ញៀវទេសចរចិន មានចំនួនភាគច្រើននៃភ្ញៀវទេសចរបរទេសដែលធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើង ដោយក្នុងនោះមានចំនួនប្រមាណ ៣៥០ ០០០ នាក់ក្នុងឆ្នាំ២០១៩ និងផ្តល់ប្រាក់ចំណូលយ៉ាងច្រើនសម្រាប់ទីក្រុងព្យុងយ៉ាង៕

