ធនាគារជាតិនៃកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ដាក់ឱ្យប្រើប្រាស់ «ដុល្លារូបនីយកម្ម និងការទូទាត់ប្រាក់ឈ្នួលក្នុងវិស័យនាំចេញសំខាន់ៗ»

សង្គម​ និង​សេដ្ឋកិច្ច

ធនាគារជាតិនៃកម្ពុជា និង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (យូអិនឌីភី) នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ បានដាក់ឱ្យប្រើប្រាស់ របាយការណ៍សង្ខេបគោលនយោបាយស្តីពី «ដុល្លារូបនីយកម្ម និងផលប៉ះពាល់ក្នុងវិស័យកាត់ដេរ ផលិតផលស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប នៅកម្ពុជា» ក្នុងឱកាសអបអរសាទរទិវាប្រាក់រៀល ខួបលើកទី៤៦ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ នៅវិទ្យាស្ថានសិក្សាបច្ចេកធនាគារ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានេះ ឯកឧត្តម ឃឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការគាំទ្រការស្រាវជ្រាវ និងការដាក់ចេញវិធានការគោលនយោបាយ សំដៅពង្រឹងតួនាទីប្រាក់រៀល ក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

បន្ថែមពីនោះលោក អេនរីកូ ហ្គាវេលីយ៉ តំណាង យូអិនឌីភី ប្រចាំកម្ពុជា បានលើកឡើងដែលថា ខណៈដែលលំហូរ ជំនួយអភិវឌ្ឍន៍ផ្លូវការក្នុងទសវត្សរ៍ ១៩៩០ បានរួមចំណែកដល់ដុល្លារូបនីយកម្ម ពេលនេះគឺជាពេលដែល យើងទាំងអស់គ្នាត្រូវប្តេជ្ញាចិត្ត ក្នុងការកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លានៅកម្ពុជា។

លោកបានគូសបញ្ជាក់ថា យូអិនឌីភី នឹងបន្តលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ឱ្យកាន់តែទូលំទូលាយនៅក្នុងប្រតិបត្តិការរបស់ខ្លួន និងអំពាវនាវ ដល់ដៃគូអភិវឌ្ឍន៍ផ្សេងទៀតទាំងនៅក្នុង និងក្រៅប្រព័ន្ធអង្គការសហប្រជាជាតិឱ្យចូលរួមដូចគ្នា៕