អគ្គលេខាធិការ CICA៖ កម្ពុជា បានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចសហប្រតិបត្តិការលើកកម្ពស់អន្តរជាតិ

សង្គម​ និង​សេដ្ឋកិច្ច

អគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) បានកត់សម្គាល់ថា កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយCICA ក្នុងគោលដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមប្រសាសន៍របស់ លោក កៃរ៉ាត់ សារីបៃ (Kairat Sarybay) អគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ក្នុងពេលជំនួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន  ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។

នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការ បានកត់សម្គាល់ថា កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយCICA ក្នុងគោលដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ ថែរក្សាសន្តិសុខ សន្តិភាព នៅក្នុងពិភពលោកដែលតួនាទីរបស់កម្ពុជាគឺជាតួនាទីដ៏សំខាន់ក្នុងកិច្ចការងាររបស់ CICA។ ជាមួយគ្នានេះ លោក គ៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងក្របខ័ណ្ឌកម្ពុជានិង CICA ទាំងក្នុងវិស័យទេសចរណ៍ វិស័យអប់រំ វិស័យពាណិជ្ជកម្ម ក្នុងការពង្រីកទំនាក់ទំនងទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីនៃបរិបទកម្ពុជាជាមួយ CICA និងបណ្ដាសមាជិករបស់ CICAផងដែរ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តមអគ្គលេខាធិការ ហើយសម្ដេចបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ CICA ក្នុងការលើកកម្ពស់សន្តិភាពនៅតំបន់អាស៊ី រួមទាំងលើពិភពលោក។សម្ដេចបានលើកឡើងថា តាមរយៈវេទិកា CICA គឺបានរួមចំណែកក្នុងការតភ្ជាប់គ្នារវាងបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ី ជាពិសេសនៅតំបន់អាស៊ីអាគ្នេយ៍ និងតំបន់អាស៊ីកណ្ដាល តួយ៉ាងដូចជានៅបណ្ដាប្រទេសកៀគីស្ថាន និងអាស៊ែបៃហ្សង់ជាដើម ដែលជាការពង្រឹងការតភ្ជាប់គ្នារវាងអាស៊ីអាគ្នេយ៍ជាមួយនឹងអាស៊ីកណ្ដាលដែលជាផ្នែកក្នុងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងបណ្ដាប្រទេសនៅតំបន់អាស៊ីរបស់យើង។

សូមជម្រាបដែរថា តាមេតយៈជំនួបខាងលើ មន្រ្តីជាន់ខ្ពស់ CICA ក៏បានកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោតាំងពីនៅជានាយករដ្ឋមន្ត្រី ជាពិសេសការកសាងសន្តិភាពនៅកម្ពុជា រួមទាំងលើឆាកអន្តរជាតិ តាមរយៈការចូលរួមជាមួយអង្គការអន្តរជាតិនានា រួមមានទាំងអាស៊ាន ជាពិសេសបានចូលរួមចំណែកជាមួយអង្គការផងដែរ៕ អត្ថបទ៖ហ្សាលីន