កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានចេញផ្សាយពីបញ្ជីឈ្មោះក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់សហរដ្ឋអាមេរិក ដែលអាចប្រឈមមុខនឹងការសងសឹកនៅមជ្ឈិមបូព៌ា ប្រសិនបើអាមេរិក និងអ៊ីស្រាអែល បន្តតាមធ្វើឃាតមេដឹកនាំអ៊ីរ៉ង់ទៀតនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។
![]()
កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បានចេញសារព្រមាននៅថ្ងៃទី៣១ ខែមីនាថា ៖”សមាសធាតុសំខាន់ៗក្នុងការរចនា និងតាមដានគោលដៅ ដើម្បីធ្វើការកម្ទេច ត្រូវបានបង្កើតឡើងដោយផ្តោតលើក្រុមហ៊ុនបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិតរបស់អាមេរិក។ វាជាការឆ្លើយតបទៅនឹងសកម្មភាពភេរវកម្មរបស់សត្រូវ កន្លែងណាមួយរបស់ក្រុមហ៊ុនទាំងនេះ នឹងត្រូវបានចាត់ទុកថាជាគោលដៅវាយប្រហារដោយស្របច្បាប់”។
គួរឲ្យដឹងផងដែរថា បញ្ជីក្រុមហ៊ុនចំនួន ១៧ ដែលត្រូវបានគំរាមកំហែងរួមមានក្រុមហ៊ុនធំៗនៅក្នុងវិស័យបច្ចេកវិទ្យាអាមេរិកដូចជា Apple, Microsoft, Google, Meta, IBM, HP, Intel, Tesla, Boeing និងស្ថាប័នហិរញ្ញវត្ថុ JP Morgan ជាដើម។
ជម្រាបជូនថា សេចក្តីថ្លែងការណ៍នេះបានកើតឡើងភ្លាមៗបន្ទាប់ពី IRGC បានបញ្ជាក់ថា ឧត្តមសេនីយ៍ឯក លោក Jamshid Eshaghi ប្រធាននាយកដ្ឋានថវិកា និងហិរញ្ញវត្ថុនៃអគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីពេលថ្មីៗនេះ៕

