ក្រុមហ៊ុនហាងកាហ្វេដ៏ល្បីល្បាញ Starbucks នៅក្នុងប្រទេសចិន ថ្ងៃចន្ទនេះ បានប្រកាសលក់បញ្ចុះតម្លៃកាហ្វេរបស់ខ្លួន ជាមធ្យម ៥យ៉ន់ (០,៧០ដុល្លារ) នៅគ្រប់បណ្តាហាងទូទាំងប្រទេស ដោយសារតែមានការប្រកួតប្រជែងកាន់តែខ្លាំង ខណ:អតិថិជនកាន់តែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការចំណាយរបស់ពួកគេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម Weixin របស់ខ្លួន Starbucks បាននិយាយថា ខ្លួននឹងផ្តល់ជូននូវតម្លៃយ៉ាងពិសេស ទៅលើភេស្ជជ:របស់ខ្លួនរាប់សិបមុខ រួមទាំងភេសជ្ជៈមិនមែនកាហ្វេ និង Frappuccino ចាប់ពីថ្ងៃអង្គារ តទៅ។
គួរឲ្យដឹងថា ប្រទេសចិន គឺជាទីផ្សារធំបំផុតទីពីររបស់ Starbucks បន្ទាប់ពីសហរដ្ឋអាមេរិក ប៉ុន្តែថ្មីៗកន្លងមកនេះ ហាក់មានការប្រកួតប្រជែងកាន់តែខ្លាំងឡើង ពីសំណាក់ម៉ាកយីហោក្នុងស្រុក ចំពេលអតិថិជនកាន់តែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការចំណាយរបស់ពួកគេ ដោយសារតែសេដ្ឋកិច្ចធ្លាក់ចុះ និងការព្រួយបារម្ភអំពីសុវត្ថិភាពការងារ។
ជុំវិញបញ្ហានេះ Starbucks បានព្យាយាមដាក់ចេញនូវយុទ្ធសាស្រ្តថ្មីៗ ដោយនឹងធ្វើឲ្យភេសជ្ជ:របស់ខ្លួន មានតម្លៃទាបបំផុតដល់ ២៣យ៉ន់។
ដោយឡែកគូប្រជែងធំៗក្នុងស្រុកដូចជា Luckin Coffee និង Cotti បានកំណត់តម្លៃភេសជ្ជៈរបស់ពួកគេទាបបំផុតត្រឹម ៩,៩យ៉ន់ ឬ ៨,៨យ៉ន់ ប៉ុណ្ណោះ។
ជម្រាបជូនថា យោងតាមប្រភពជិតស្និទ្ធនឹង Starbucks បាននិយាយថា ក្រុមហ៊ុនខ្នាតយក្សអាមេរិកនេះ មិនបានបញ្ចុះតម្លៃដើម្បីឆ្លើយតបទៅនឹងសង្គ្រាមតម្លៃ នៅក្នុងប្រទេសនោះទេ ប៉ុន្តែកំពុងសម្លឹងរកមើលការទាក់ទាញអតិថិជន នៅពេលរសៀល កាន់តែច្រើនបន្ថែមទៀត៕