ព្រឹទ្ធសភាអាមេរិក កាលពីពេលថ្មីៗនេះ បានឈានដល់កិច្ចព្រមព្រៀងទ្វេភាគីមួយ ដើម្បីពង្រីកមូលនិធិរដ្ឋាភិបាល ដែលជាច្រកផ្លូវតែមួយគត់ នៅក្នុងការបើកដំណើរការរដ្ឋាភិបាលឡើងវិញ បន្ទាប់ពីបិទទ្វារអស់រយៈពេលជាយូរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាម CNN កាលពីថ្ងៃទី៩ ខែវិច្ឆិកា បានដកស្រង់ប្រភពច្រាស់ការមួយដោយនិយាយថា ព្រឹទ្ធសភាអាមេរិកនៃបក្សធំៗទាំងពីរ បានឈានដល់ការចុះកិច្ចព្រមព្រៀងមួយដើម្បីផ្តល់មូលនិធិសម្រាប់រដ្ឋាភិបាល រហូតដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ រួមទាំងការកំណត់លើការបោះឆ្នោតសម្រាប់ច្បាប់ថែទាំងសុខភាពដែលមានតម្លៃសមរម្យ (Obamacare) នៅក្នុងខែធ្នូខាងមុខនេះ ផងដែរ។
យ៉ាងណាមិញ នៅក្នុងកិច្ចព្រមព្រៀងថ្មីនេះ រួមមានទាំងការធ្វើឲ្យផ្ទុយពីការសម្រេចចិត្តរបស់រដ្ឋបាលលោក ត្រាំ កន្លងមក ក្នុងការបញ្ឈប់បុគ្គលិក និងច្បាប់ដើម្បីទប់ស្កាត់សកម្មភាពស្រដៀងគ្នានេះ នាពេលអនាគត ក៏ដូចជាការធានានូវមូលនិធិសម្រាប់កម្មវិធីផ្តល់អាហារ រហូតដល់ឆ្នាំសារពើពន្ធ២០២៦ ផងដែរ។
ជម្រាបជូនផងដែរថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចូលដល់ថ្ងៃទី៣៩ នៃការបិទទ្វារ ពោលគឺលើសពីកំណត់ត្រា ៣៥ថ្ងៃដែលបានកំណត់ក្នុងអាណត្តិដំបូងរបស់លោកប្រធានាធិបតី ត្រាំ។ ការបិទទ្វារនេះបានធ្វើឲ្យប្រតិបត្តិការរបស់ភ្នាក់ងាររដ្ឋាភិបាលជាច្រើនត្រូវបានជាប់គាំងចាប់តាំងពីមានការបរាជ័យរបស់បក្សធំៗទាំងពីរ នៅក្នុងសភាសហរដ្ឋអាមេរិក ក្នុងការឈានដល់កិច្ចព្រមព្រៀងលើសេចក្តីព្រាងច្បាប់ថវិកា ដែលបណ្តាលឲ្យរដ្ឋាភិបាលសហព័ន្ធ ចាប់ផ្តើមបិទទ្វារនៅថ្ងៃទី១ ខែតុលាមក៕

