អ៊ីរ៉ង់បានព្រមានថា ប្រព័ន្ធអ៊ីនធឺណិតផ្កាយរណប Starlink របស់មហាសេដ្ឋីមានដាច់គេលើលោក Elon Musk ត្រូវបានចាត់ទុកថាជាគោលដៅវាយប្រហារដោយស្របច្បាប់ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Fars បានរាយការណ៍ថា សេវាកម្ម Starlink បច្ចុប្បន្នកំពុងត្រូវបានប្រើប្រាស់យ៉ាងសកម្មនៅក្នុងប្រទេសក្នុងតំបន់ជាច្រើន រួមទាំងបារ៉ែន គុយវ៉ែត និងអារ៉ាប់រួម។ មន្ត្រីអ៊ីរ៉ង់បានពិពណ៌នាអំពីវត្តមានរបស់បណ្តាញអ៊ីនធឺណិតនេះ នៅក្នុងតំបន់ថាជាការគំរាមកំហែងសន្តិសុខដែលអាចកើតមាន ជាពិសេសនៅក្នុងស្ថានភាពសង្គ្រាម។
ក្នុងពេលជាមួយគ្នានេះ អ៊ីរ៉ង់បានរឹតត្បិត ឬបានកាត់ផ្តាច់ការចូលប្រើប្រាស់សេវាអ៊ីនធឺណិតសកលរបស់ពលរដ្ឋខ្លួនទាំងស្រុង ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះមក។ អ្នកសង្កេតការណ៍អ៊ីរ៉ង់ម្នាក់ បាននិយាយថា ចលនានេះមានគោលបំណងគ្រប់គ្រងលំហូរព័ត៌មាន និងកំណត់ការរីករាលដាលនៃព័ត៌មាន និងរូបភាពទាក់ទងនឹងការអភិវឌ្ឍយោធាក្នុងស្រុក។
ជម្រាបជូនថា ស្ថាប័នសន្តិសុខអ៊ីរ៉ង់ រួមទាំងក្រសួងមហាផ្ទៃ ក៏បានប្រកាសផងដែរថា ការប្រើប្រាស់ Starlink ដោយជនស៊ីវិល គឺជារឿងខុសច្បាប់។ អាជ្ញាធរបានព្រមានថា អ្នកប្រើប្រាស់សេវាអ៊ីនធឺណិតផ្កាយរណបរបស់អាមេរិនេះ អាចប្រឈមមុខនឹងការផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ រួមទាំងការជាប់ពន្ធនាគារផងដែរ៕

