ស្ថាបនិកក្រុមហ៊ុនវិនិយោគ Berkshire Hathaway លោក Warren Buffett បានបដិសេធមិនប្តេជ្ញាចិត្តបន្តការបរិច្ចាគលុយប្រចាំឆ្នាំរាប់ពាន់លានដុល្លារ ទៅកាន់មូលនិធិ Gates Foundation របស់មហាសេដ្ឋី Bill Gates ទៀតនោះឡើយ ដោយសារតែរឿងអាស្រូវជាប់ពាក់ព័ន្ធជាមួយ Jeffrey Epstein។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍លើកដំបូង ចាប់តាំងពីលាលែងពីតំណែងជានាយកប្រតិបត្តិក្រុមហ៊ុន Berkshire កាលពីខែមករា លោក Buffett បានបង្ហើបថាលោកមិនដែលនិយាយជាមួយលោក Bill Gates ទៀតនោះទេ ចាប់តាំងពីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានចេញផ្សាយឯកសារកាលពីខែកុម្ភៈ ដោយបង្ហាញថាស្ថាបនិកក្រុមហ៊ុន Microsoft និងលោក Epstein ធ្លាប់ជួបគ្នាម្តងហើយម្តងទៀត បន្ទាប់ពីលោក Epstein បានសារភាពកំហុសនៅក្នុងតុលាការរដ្ឋ Florida ពីបទរំលោភបំពានលើអនីតិជន។
គួរឲ្យដឹងថា លោក Buffett វ័យ ៩៥ឆ្នាំ ដែលបច្ចុប្បន្ននៅតែជាប្រធានក្រុមហ៊ុន Berkshire បានចាប់ផ្តើមបរិច្ចាគទ្រព្យសម្បត្តិរបស់លោក តាំងពីឆ្នាំ២០០៦ ហើយថែមទាំងបានបរិច្ចាគភាគហ៊ុនរបស់ក្រុមហ៊ុនប្រមាណជាង ៤៧ពាន់លានដុល្លារ ដល់មូលនិធិ Gates Foundation។
តែទោះជាយ៉ាងណាក៏ដោយ នៅពេលត្រូវបានគេសួថា តើការបរិច្ចាគទៅកាន់មូលនិធិរបស់លោក Bill Gates នៅតែបន្តទៀតឬយ៉ាងណា ភ្លាមនោះ លោក Buffett បានឆ្លើយតបថា ៖” ខ្ញុំនឹងរង់ចាំមើលថានឹងមានអ្វីកើតឡើងទៀត។ ខ្ញុំកំពុងតែរៀនពីអ្វីដែលខ្ញុំមិនដឹង”៕

