រដ្ឋាភិបាលរបស់ប្រទេសបារាំង កាលពីពេលថ្មីៗនេះ បានប្រកាសពពីគម្រោងសាងសង់គុកដែលមានតម្លៃរហូតដល់ទៅ ៤០០លានអឺរ៉ូ (ឬស្មើជាង ៤៥០លានដុល្លារ) នៅក្នុងព្រៃអាម៉ាហ្សូន ក្នុងគោលបំណងដាក់ឃុំឃាំងឧក្រិដ្ឋជនគ្រឿងញៀន ដើម្បីកុំឲ្យមានទំនាក់ទំនងជាមួយពិភពខាងក្រៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Times។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បារាំង លោក Gerald Darmanin បានប្រកាសអំពីផែនការនេះ កាលពីថ្ងៃទី១៨ ខែឧសភា ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់តំបន់ French Guiana ដែលស្ថិតនៅភាគឦសាននៃទ្វីបអាមេរិកខាងត្បូង ដែលជាទឹកដីកម្មសិទ្ធិនៅក្រៅប្រទេស របស់បារាំង មានព្រំប្រទល់ជាប់ព្រំដែនប្រេស៊ីល និងស៊ូរីណាម។
គម្រោងសាងសង់ពន្ធនាគារដែលមានគ្រែចំនួន ៥០០ នេះ នឹងមានទីតាំងនៅក្នុងទីក្រុង Saint Laurent du Maroni ដោយនឹងក្លាយជាកន្លែងដាក់ជនល្មើសគ្រឿងញៀនដ៏គ្រោះថ្នាក់ចំនួន ៦០ នាក់ និងជនល្មើសភេរវកម្មចំនួន ១៥ នាក់ ខណ:តុលាការថ្មីមួយ ក៏នឹងត្រូវសាងសង់នៅទីនោះ ផងដែរដែរ។ គុកនេះ ត្រូវបានគេរំពឹងថានឹងដំណើរការនៅឆ្នាំ២០២៨។
ទន្ទឹមនឹងនេះ លោក Darmanin បាននិយាយថា ៖”ពន្ធនាគារថ្មីនេះ នឹងមានភាពតឹងរ៉ឹងបំផុត ដោយមានគោលដៅតែមួយគត់ គឺដាក់អ្នកទោសជួញដូរគ្រឿងញៀនដ៏គ្រោះថ្នាក់បំផុត ដែលពួកគេមិនអាចទៅបង្កគ្រោះថ្នាក់ នៅខាងក្រៅទៀតបាន”។
ជម្រាបជូនផងដែរថា ដោយបន្ថែមពីលើគោលដៅរបស់ខ្លួន ក្នុងការបង្រ្កាបការជួញដូរគ្រឿងញៀន នៅក្នុងតំបន់ព្រៃអាម៉ាហ្សូន ពន្ធនាគារថ្មីនេះ ក៏នឹងជួយបន្ធូរបន្ថយភាពចង្អៀតណែនតាន់តាប់នៅក្នុងពន្ធនាគារ ក្នុងតំបន់នោះផងដែរ៕