ក្រុមហ៊ុនមហាសេដ្ឋីមានដាច់គេរបស់វៀតណាម គ្រោងទាញចំណូលឲ្យបាន ១៧លានដុល្លារ នៅឆ្នាំនេះ

អន្តរជាតិ

ក្រុមហ៊ុន Vingroup របស់មហាសេដ្ឋីមានដាច់គេរបស់ប្រទេសវៀតណាម លោក Pham Nhat Vuong កំពុងដាក់គោលដៅបង្កើតប្រាក់ចំណូលឲ្យបានចំនួន ៤៥០ ០០០ពាន់លានដុង ឬស្មើប្រមាណ ១៧លានដុល្លារ ដែលជាការកើនឡើងប្រហែល ៣៦% បើធៀបទៅនឹងឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន Vingroup បានប្រកាសអំពីផែនការអាជីវកម្មថ្មីចុងក្រោយរបស់ខ្លួននេះ នៅក្នុងឯកសារដែលបានរៀបចំសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំ ដែលនឹងរៀបធ្វើឡើងនៅថ្ងៃទី២២ ខែមេសាខាងមុខ។

គួរឲ្យដឹងថាក្រៅពីប្រាក់ចំណូល ក្រុមហ៊ុនរបស់លោក Vuong ក៏បានបង្ហាញរំពឹងផងដែរថាប្រាក់ចំណេញបន្ទាប់ពីការបង់ពន្ធរួច អាចនឹងមានចំនួន ២៥ ០០០ពាន់លានដុង ដែលខ្ពស់ជាងឆ្នាំ២០២៥ ចំនួន ២,២ ដង និងជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន។

ជុំវិញការរំពឹងទុកនៃការកើនឡើងនៃប្រាក់ចំណូលដ៏ច្រើននេះ Vingroup ជឿជាក់ថាក្រុមហ៊ុនបុត្រសម្ព័ន្ធធំៗរបស់ខ្លួន ដូចជាក្រុមហ៊ុន VinFast អាចនឹងចែកចាយថយន្តអគ្គិសនីចំនួន ៣០០ ០០០ គ្រឿងនៅឆ្នាំនេះ ដែលកើនឡើង ៥២% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ដោយឡែកនៅក្នុងវិស័យអចលនទ្រព្យ Vinhomes មានគម្រោងរកប្រាក់ចំណូលចំនួន ២៥០ ០០០ពាន់លានដុង និងប្រាក់ចំណេញក្រោយបង់ពន្ធចំនួន ៥០ ០០០ពាន់លានដុងផងដែរ។

ជម្រាបជូនថា សម្រាប់ឆ្នាំ២០២៥ ទាំងមូល ក្រុមហ៊ុនរបស់មហាសេដ្ឋី លោក Pham Nhat Vuong បានបង្កើតប្រាក់ចំណូលសរុបចំនួន ៣៣១ ៨៧៤ពាន់លានដុង ដែលកើនឡើង ៧៥% បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤។ ប្រាក់ចំណេញសុទ្ធបន្ទាប់ពីបង់ពន្ធបានឈានដល់ជាង ១១ ០៦៤ពាន់លានដុង ដែលជាការកើនឡើងទ្វេដង ធៀបនឹងឆ្នាំ២០២៤៕​