លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូង យល់ឃើញថា អ្នកប្រើប្រាស់សំបកកង់ខ្មែរម៉ាក Sailun ប្រៀបបានកំពុងជួយសាលាដូងដោយប្រយោល បន្ទាប់ពីក្រុមហ៊ុន PICG ដែលជាក្រុមហ៊ុនទទួលសិទិ្ធចែកចាយផ្តាច់មុខនូវផលិតផលសំបកកង់ឡានម៉ាកសៃលុន (Sailun) ជួយឧបត្ថម្ភថវិកាប្រមាណ ២០០០ ដុល្លារអាមេរិក និងឧបត្ថម្ភ ៥០០ ដុល្លារអាមេរិកជារៀលរាល់ខែបន្ថែមទៀត ដើម្បីជួយទ្រទ្រង់សាលាដូង ដែលកំពុងជួបការខ្វះខាត។

តាមរយៈបណ្តាញសង្គម លោក អ៊ុក វណ្ណដេ បានលើកឡើងថា ជជែកគ្នាដោយការគោរព និងស្រលាញ់ភាពចង់ឃើញជាតិរីកចម្រើន។ ឣ្នកដែលកំពុងប្រើប្រាស់សំបកកង់ Sailun ប្រៀបបានកំពុងជួយសាលាដូងដោយប្រយោល ព្រោះថាតាមការពិភាក្សាជាមួយលោក គឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិនៃក្រុមហ៊ុន PICG គោរពពាក្យក្នុងចិត្តគាត់ (ប្រាក់ចំណេញមិនមែនជាគោលដៅចម្បង ព្រោះគោលបំណងធំចង់ប្រើប្រាស់ប្រាក់ចំណេញជួយសង្គម)។
ស្ថាបនិកសាលាដូង បានបញ្ជាក់ថា៖ “ដំណឹងរីករាយណាស់ ថ្ងៃនេះ Sailun បានជួយ ២០០០ដុល្លារ ឱ្យធ្វើរបងសាលាការពារក្មេង និងបង្កើតសោភ័ណភាពសាលាចំនួន 18m កំពស់ 3m។ ជាពិសេសនោះ Sailun បានជួយទ្រទ្រង់សាលាដូងពេញមួយឆ្នាំ២០២៦ ដោយក្នុង១ខែ ចំនួន ៥០០ដុល្លារ។ ខ្ញុំសូមឣរគុណដល់ឣ្នកប្រើប្រាស់ផលិតផលខ្មែរសំបកកង់ Sailun និង បុគ្គលិកក្រុមហ៊ុន ថ្នាក់នាំ ដែលមានចំណែកជួយសង្គមជាមួយសាលាដូង (Coconut School Foundation)”។
គួររំឭកថា កាលពីថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមហ៊ុន PICG បានដាក់សម្ពោធសាកល្បងនូវផលិតផលក្នុងស្រុកជាសំបកកង់ឡានម៉ាក Sailun ដែលផលិតមុនគេ ធំជាងគេ ដែលប្រើប្រាស់ជ័រកៅស៊ូខ្មែរមុនគេរហូតដល់ ៩៦ភាគរយ។ អ្វីដែលមិនគួរអោយជឿ និងមិនស្មានដល់នោះគ្រាន់តែមួយយប់មានការបញ្ជាទិញរហូតដល់ជាង ១ មុឺនគ្រាប់ឯណោះ។ ចាប់តាំងពីពេលនោះរហូតមកដល់បច្ចុប្បន្ននេះ ទោះបីក្នុងស្ថានភាពលំបាក ជាពិសេសសង្រ្គាមរវាងខ្មែរ-ថៃ ប្រជាជនខ្មែររឹតតែសម្រុកមកគាំទ្រនូវផលិតផលដ៏ល្អឥតខ្ចោះមួយនេះ ដែលផលិតចេញពីជ័រកៅស៊ូខ្មែរស្ទើរតែ១០០ភាគរយ ដែលដុះលើទឹកដីខ្មែរ រោងចក្រផលិតលើដីខ្មែរ ជួយដល់កសិផលជាតិ ជាផលិតផលជាតិ ជួយគាំទ្រសេដ្ឋកិច្ចជាតិ៕





