លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃនេះ កម្ពុជា-ថៃ រៀបចំកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ(RBC)រវាងយោធភូមិភាគទី៥កម្ពុជានិងកងទ័ពភូមិភាគទី១ថៃ នៅខេត្ដស្រះកែវ ប្រទេសថៃ។

ថ្លែងនៅក្នុងឱកាសធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជានិងកងទ័ពភូមិភាគទី១ថៃបានដំណើរការកិច្ចប្រជុំរបស់ខ្លួនពេញមួយថ្ងៃដោយភាគីទាំងពីរបានឯកភាពអំពីដំណើរការនៃកិច្ចប្រជុំមួយផ្នែកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ ហើយជាលទ្ធផលកិច្ចប្រជុំក្រុមលេខាបានប្រព្រឹត្តទៅដោយមានភាពរីកចម្រើនជាវិជ្ជមានមួយចំនួនគួរអោយកត់សម្គាល់ក្រោយពេលជួបពិភាក្សាគ្នាដើម្បីត្រៀមសម្រាប់កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) នៅថ្ងៃនេះ។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា គូសបញ្ជាក់ថា កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នឹងប្រព្រឹត្តទៅនៅថ្ងៃនេះនៅខេត្តស្រះកែវព្រះរាជាណាចក្រថៃ គណៈប្រតិភូកម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ(RBC) គណៈប្រតិភូថៃដឹកនាំដោយឧត្តមសេនីយ៍ឯក អាក់ម៉ាក់រិត ប៊ុនសុយ៉ា មេបញ្ជាការកងទ័ពភូមិភាគទី១ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ។
នៅក្នុងកិច្ចប្រជុំនេះ អ្នកនាំពាក្យក្រសួងការពារជាតិ សង្ឃឹមថា កិច្ចប្រជុំនេះនឹងទទួលបានលទ្ធផលជាវិជ្ជមានបន្ថែមទៀតដែលអនុញ្ញាតឱ្យភាគីទាំងពីរជំរុញការអនុវត្តបទឈប់បាញ់អោយមានប្រសិទ្ធភាពពេញលេញ និងនាំមកវិញនូវសន្តិភាព ស្ថិរភាព និងស្ថានភាពប្រក្រតីភាពវិលត្រឡប់មកវិញ។
គួរបញ្ជាក់ថា កិច្ចប្រជុំវិសាមញ្ញក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) ខាងលើនេះបានកើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេសដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) ដែលធ្វើឡើងកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ហើយក៏មានចែងអោយកោះប្រជុំ(RBC) ក្នុងរយៈពេលពីរសបា្តហ៍បន្ទាប់ពីកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលទីតាំងកិច្ចប្រជុំនឹងត្រូវកំណត់ស្របទៅតាមការធ្វើជាម្ចាស់ផ្ទះប្តូរវេនជាទៀងទាត់៕



