នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅក្រសួងសាធារណការ និងដឹកជញ្ជូន ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និងឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានដឹកនាំសមាជិក សមាជិកាសសហព័ន្ធស្រូវអង្ករកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំពិភាក្សាបច្ចេកទេសជាមួយ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន។

សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងពិភាក្សាលើប្រសិទ្ធភាពនៃការដឹកជញ្ជូនកសិផលស្រូវ ដែលកំពុងនឹងប្រមូលផល ខណៈពេលដែលតម្លៃប្រេងឥន្ធនៈកំពុងកើនឡើង។
សូមជម្រាបថា ចាប់ពីមានសង្គ្រាមរវាង សហរដ្ឋអាមេរិក អុីស្រាអែល និងអ៊ីរ៉ង់ ដែលធ្វើឱ្យមានការបិទខ្ទប់ច្រកសមុទ្រអកមូហ្ស ជាងមួយខែមកនេះ បានធ្វើឱ្យតម្លៃប្រេងឥន្ធនៈ ជាពិសេសឧស្ម័ន LPG ឬហ្គាសឡើងកប់ពពក នៅគ្រប់ប្រទេសទូទាំងពិភពលោក ក្នុងនោះក៏មានកម្ពុជាផងដែរ។ ការកើនឡើងតម្លៃប្រេងឥន្ធនៈនេះ ក៏បានជះឥទ្ធិពល និងប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាកសិករខ្មែរ៕





