អន្តរក្រសួង បន្តចុះរៀបចំពិធីបើកការដ្ឋានសាងសង់គម្រោងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២

សង្គម​ និង​សេដ្ឋកិច្ច

គណៈប្រតិភូអន្តរក្រសួង បានបន្តចុះពិនិត្យការងាររៀបចំពិធីបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ ដែលនឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការពិសេសដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានអញ្ជើញដឹកនាំគណៈប្រតិភូអន្តរក្រសួងចុះពិនិត្យការងាររៀបចំពិធីបើកការដ្ឋានសាងសង់ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ ប្រវែង១៥១,៦ គីឡូម៉ែត្រ (ព្រែកពោធិ៍ ខេត្តកណ្តាល – សមុទ្រ ខេត្តកែប) ដែលនឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

មានវត្តមានអញ្ជើញចូលរួមអមដំណើរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងការបំពេញបេសកកម្មការងារនាឱកាសនេះ រួមមាន រដ្ឋមន្ត្រី ក្រសួងសាធារណការនិងដឹកជញ្ជូន សមាជិកគណៈកម្មាធិការពិសេស និងជាប្រធានលេខាធិការដ្ឋាន, អភិបាលខេត្តតាកែវ, តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាសមាជិកចំណុះគណៈកម្មាធិការពិសេស, និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

សូមជម្រាបថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោមានប្រវែង ១៧២,៦ គីឡូម៉ែត្រ បែងចែកជាពីរកំណាត់។  កំណាត់ទី១ ចម្ងាយ ២១ គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ហើយកំណាត់ទី ២ ដែលមានចម្ងាយ ១៥១,៦ គីឡូម៉ែត្រ គ្រោងនឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត៕ អត្ថបទ៖ហ្សលីន