ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ច្រកសមុទ្រ Hormuz នឹងត្រូវបើកឡើងវិញក្នុងពេលឆាប់ៗនេះ ប៉ុន្តែបានទទួលស្គាល់ថា វាមិនមែនជាកិច្ចការងាយស្រួលនោះទេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅពេលថ្មីៗនេះថា ៖”ខ្ញុំគិតថាអ្វីៗនឹងកើតឡើងយ៉ាងឆាប់រហ័ស។ បើមិនដូច្នោះទេ យើងនឹងរកវិធីមួយ ឬវិធីផ្សេងទៀតដើម្បីដោះស្រាយវាឱ្យបានច្បាស់លាស់”។ ការលើកឡើងរបស់លោក ត្រាំ បែបនេះ គឺចង់សំដៅទៅលើកិច្ចខិតខំប្រឹងប្រែងដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ។
មិនតែប៉ុណ្ណោះ មេដឹកនាំសេតវិមានរូបនេះបានបន្ថែមទៀតថា ៖”មានប្រទេសផ្សេងទៀតក៏ប្រើប្រាស់ច្រកសមុទ្រនេះដែរ។ ដូច្នេះ ប្រទេសមួយចំនួនកំពុងចូលរួម ហើយពួកគេនឹងជួយ។ ខ្ញុំត្រូវតែកត់សម្គាល់ថា វានឹងមិនងាយស្រួលនោះទេ ប៉ុន្តែយើងនឹងព្យាយាមបើកច្រកសមុទ្រឆាប់ៗនេះ”។
ជម្រាបជូនថា កន្លងមកសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានយល់ព្រមបើកច្រកសមុទ្រ Hormuz ឡើងវិញជាផ្នែកមួយនៃបទឈប់បាញ់រយៈពេលពីរសប្តាហ៍ដែលសម្រេចបាននៅថ្ងៃទី៨ ខែមេសា ប៉ុន្តែការដឹកជញ្ជូនប្រេងតាមរយៈផ្លូវទឹកដ៏សំខាន់នេះនៅតែជាប់គាំងដោយសារតែខ្វះការណែនាំច្បាស់លាស់ពីទីក្រុងតេអេរ៉ង់៕

