លោក ត្រាំ ធានាថាច្រកសមុទ្រ Hormuz នឹងបើកដំណើរការពេញលេញឡើងវិញ ក្នុងពេលឆាប់ៗនេះ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ច្រកសមុទ្រ Hormuz នឹងត្រូវបើកឡើងវិញក្នុងពេលឆាប់ៗនេះ ប៉ុន្តែបានទទួលស្គាល់ថា វាមិនមែនជាកិច្ចការងាយស្រួលនោះទេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅពេលថ្មីៗនេះថា ៖”ខ្ញុំគិតថាអ្វីៗនឹងកើតឡើងយ៉ាងឆាប់រហ័ស។ បើមិនដូច្នោះទេ យើងនឹងរកវិធីមួយ ឬវិធីផ្សេងទៀតដើម្បីដោះស្រាយវាឱ្យបានច្បាស់លាស់”។ ការលើកឡើងរបស់លោក ត្រាំ បែបនេះ គឺចង់សំដៅទៅលើកិច្ចខិតខំប្រឹងប្រែងដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ។

មិនតែប៉ុណ្ណោះ មេដឹកនាំសេតវិមានរូបនេះ​បានបន្ថែមទៀតថា ៖”មានប្រទេសផ្សេងទៀតក៏ប្រើប្រាស់ច្រកសមុទ្រនេះដែរ។ ដូច្នេះ ប្រទេសមួយចំនួនកំពុងចូលរួម ហើយពួកគេនឹងជួយ។ ខ្ញុំត្រូវតែកត់សម្គាល់ថា វានឹងមិនងាយស្រួលនោះទេ ប៉ុន្តែយើងនឹងព្យាយាមបើកច្រកសមុទ្រឆាប់ៗនេះ”។

ជម្រាបជូនថា កន្លងមកសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានយល់ព្រមបើកច្រកសមុទ្រ Hormuz ឡើងវិញជាផ្នែកមួយនៃបទឈប់បាញ់រយៈពេលពីរសប្តាហ៍ដែលសម្រេចបាននៅថ្ងៃទី៨ ខែមេសា ប៉ុន្តែការដឹកជញ្ជូនប្រេងតាមរយៈផ្លូវទឹកដ៏សំខាន់នេះនៅតែជាប់គាំងដោយសារតែខ្វះការណែនាំច្បាស់លាស់ពីទីក្រុងតេអេរ៉ង់៕​