អ្នកឧកញ៉ា បណ្ឌិត ជា រតនា រៀបចំពិធីជប់លាងបុគ្គលិកប្រចាំឆ្នាំ របស់គ្រួសារសាន់ & មូន ក្រោមប្រធានបទ «ខ្មែរ រ៉ុក & រ៉ូល» ដើម្បីលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងរួមចំណែកធ្វើឱ្យសណ្ឋាគារដំណើរការបានយ៉ាងល្អប្រសើរ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា បណ្ឌិត ជា រតនា អគ្គនាយកក្រុមហ៊ុន សាន់ & មូន គ្រុប (SUN & MOON GROUP) និងជាម្ចាស់សណ្ឋាគារលំដាប់ផ្កាយ៥ សាន់ & មូន រីវើសាយ (SUN & MOON, Riverside Hotel)និងឧត្តមភរិយា អ្នកឧកញ៉ា លីហៀក រតនា បានដឹកនាំគ្រួសារ សាន់ & មូន រៀបចំកម្មវិធីជួបជុំបុគ្គលិកប្រចាំឆ្នាំ ដើម្បីអបអរសាទររាល់សមិទ្ធផលដែលសម្រេចបាន និងបង្កើននូវសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីក្នុងឆ្នាំ២០២៦នេះ បានប្រព្រឹត្តទៅក្រោមប្រធានបទដ៏មានភាពច្នៃប្រឌិតគឺ “ខ្មែរ រ៉ុក & រ៉ូល” (Khmer Rock & Roll) ដែលនាំអារម្មណ៍អ្នកចូលរួមទាំងអស់ត្រឡប់ទៅកាន់យុគសម័យមាសនៃតន្ត្រីខ្មែរ ជាមួយការតុបតែងខ្លួនដ៏ទាក់ទាញ និងការជួបជុំទទួលទានអាហារពេលល្ងាចដ៏ឈ្ងុយឆ្ងាញ់ផងដែរ។

ពិធីជប់លាងដ៏មានអត្ថន័យនេះ មានការអញ្ជើញចូលរួមយ៉ាងកុះករពីសំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់នៃគ្រួសារ សាន់ & មូន សរុបជាង ៤០០ នាក់។ ក្រៅពីការបង្កើតនូវភាពសប្បាយរីករាយ និងស្នាមញញឹម កម្មវិធីនេះក៏ជាវេទិកាដ៏មានអត្ថន័យក្នុងការតបស្នង និងលើកទឹកចិត្តដល់បុគ្គលិកដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីភាពរីកចម្រើនរបស់ក្រុមហ៊ុន។ ដោយក្រុមហ៊ុនបានធ្វើពិធីប្រគល់ពានរង្វាន់ និងលិខិតសរសើរជូនដល់បុគ្គលិកឆ្នើមៗ ផងដែរ រួមមាន៖
១. បុគ្គលិកឆ្នើមប្រចាំឆ្នាំ ២០២៥ (Staff of the Year)
២. ពានរង្វាន់ភាពស្មោះត្រង់ (Honesty Award)
៣. ពានរង្វាន់បម្រើការងាររយៈពេលយូរ (Long Year Service Award)

នាឱកាសនោះ អ្នកឧកញ៉ា បណ្ឌិត ជា រតនា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបុគ្គលិកគ្រប់រូប ដែលជាកម្លាំងចលករដ៏សំខាន់ និងបានសង្កត់ធ្ងន់ថា ភាពជោគជ័យរបស់ក្រុមហ៊ុនគឺកើតចេញពីការសហការគ្នាជាធ្លុងមួយរបស់គ្រួសារ សាន់ &មូន។

គួរបញ្ជាក់ថា ស្មារតីនៃ “ខ្មែរ រ៉ុក & រ៉ូល” នៃពិធីជប់លាងរបស់គ្រួសារ សាន់& មូន នាឆ្នាំ២០២៦នេះ មិនត្រឹមតែនាំមកនូវភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹងនូវចំណងមិត្តភាព និងការប្តេជ្ញាចិត្តខ្ពស់ ដើម្បីបន្តឆ្ពោះទៅរកភាពជោគជ័យថ្មីៗបន្ថែមទៀត នៅក្នុងឆ្នាំខាងមុខផងដែរ៕