ថ្ងៃទី១ មានពលរដ្ឋជាង១ម៉ឺននាក់ បានទៅទស្សនាសួនសាធារណៈនៃអតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

សង្គម​ និង​សេដ្ឋកិច្ច

នៅថ្ងៃទី១ នៃការបើកដំណើរការសាកល្បងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) ជាសួនសាធារណៈ មានពលរដ្ឋជាង១ម៉ឺននាក់ បានទៅទស្សនា។នេះបើយោងតាមហ្វេសប៊ុករបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ទិដ្ឋភាពនៅក្នុងបរិវេណសួនសាធារណៈព្រលានយន្តហោះពោធិ៍ចិនតុង ដែលបានរៀបចំតុបតែង និងបើកដំណើរការសាកល្បងថ្ងៃដំបូង ឱ្យបងប្អូនប្រជាពលរដ្ឋចូលលេងកម្សាន្ត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ថ្ងៃទី១ នៃការបើកដំណើរការសាកល្បងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) ជាសួនសាធារណៈរយៈពេល ៩ ថ្ងៃ (១១-១៩ មេសា ២០២៦) មានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករប្រមាណ ១ ម៉ឺន ៥ ពាន់នាក់ បានចូលទស្សនា កម្សាន្ត ថតរូប ហាត់ប្រាណ និងលេងកីឡាជុំវិញតំបន់ និងអគារជាច្រើន។

ក្នុងនោះរួមមាន អគារផ្លិត និងប៉មបញ្ជាហោះហើរ (Tower) ដែលត្រូវបានកសាងឡើងនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៥០, តំបន់ជុំវិញបរិវេណអគារចេញ-ចូលអ្នកដំណើរវីអាយភី (VIP), ចំណតយន្តហោះស៊ីវិល និងតំបន់ផ្លូវរត់របស់យន្តហោះ (Runway) ជាដើម ដែលសុទ្ធសឹងតែជាតំបន់ និងទីតាំងប្រវត្តិសាស្ត្រនៃវិស័យអាកាសចរស៊ីវិលកម្ពុជា។

បន្ថែមលើនេះ បងប្អូនប្រជាពលរដ្ឋ ក៏បានទស្សនាការសម្ដែងរបាំត្រុដិ របាំឆៃយ៉ាំ ការលេងភ្លេងពិណពាទ្យ និងរបាំផ្សេងៗ ដើម្បីស្វែងយល់ពីគុណតម្លៃនៃរបាំប្រពៃណីវប្បធម៌ជាតិខ្មែរ ក្នុងបរិវេណព្រលានយន្តហោះនេះផងដែរ។

សូមជម្រាបដែរថា ការបើកសាកល្បងព្រលានយន្តហោះពោធិ៍ចិនតុងនេះ មានរយៈពេល ៩ ថ្ងៃ គឺ ចាប់ពីថ្ងៃសៅរ៍ ទី១១ រហូតដល់ថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០២៦ ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលចាប់ពីម៉ោង ៥:០០ ព្រឹក ហើយត្រូវចាកចេញនៅម៉ោង ៩:០០ យប់៕អត្ថបទ៖ហ្សាលីន