ខេត្តកំពតមានភ្ញៀវទេសចរជាតិ អន្តរជាតិចូលមកលេងកម្សាន្តប្រមាណជាង ៤៣ម៉ឺននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខេត្តកំពតមានភ្ញៀវទេសចរជាតិ អន្តរជាតិចូលមកលេងកម្សាន្តប្រមាណជាង ៤៣ម៉ឺននាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានប្រាប់ឱ្យដឹងតាមរយៈក្រសួងព័ត៌មានថា ខេត្តកំពតក្រោមការដឹកនាំដោយភាពច្នៃប្រឌិតរបស់ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត បានធ្វើឱ្យខេត្តទេសចរណ៍ប៉ែកនារតីមួយនេះកាន់តែមានភាពទាក់ទាញ ដោយការអភិវឌ្ឍវិស័យទេសចរណ៍ត្រូវបានយកចិត្តទុកដាក់ខ្លាំង ហើយសមិទ្ធផលទេចរណ៍ឯកក៏បានលេចឡើងជាវន្តបន្ទាប់។

ជាក់ស្តែងក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តកំពតមានវត្តមានភ្ញៀវទេសចរមកលេង និងស្នាក់នៅចំនួន ៤៣២.៨១៦នាក់ ក្នុងនោះភ្ញៀវជាតិមាន ៤៣០.៤២៦នាក់ និងទេសចរបរទេសចំនួន២.៣៩០នាក់។

លោកប្រធានមន្ទីរបានបញ្ជាក់ថា ភ្ញៀវជាតិ អន្តរជាតិដែលដើរលម្ហែកម្សាន្តតាមរមណីយដ្ឋាន សហគមន៍ គោលដៅទេសចរណ៍នានាមានចំនួន ១៤៦.៧៨៦នាក់ ចំណែកភ្ញៀវ និងបងប្អូប្រជាពលរដ្ឋដែលបានចូលរួមក្នុងព្រឹត្តិការណ៍សង្ក្រាន្តមាន ២៨៦.០៣០នាក់។

បើតាម លោក សយ ស៊ីណុល សម្រាប់ស្ថានភាពទូទៅនៅតាមកន្លែងកម្សាន្ត រមណីយដ្ឋានទេសចរណ៍ រួមនឹងសេវាស្នាក់នៅ មានភាពល្អប្រសើរ មិនមានបញ្ហា ឬបាតុភាពអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេ។ រីឯតម្លៃសេវាកម្មក៏ពុំមានការតម្លើងថ្លៃហួសហេតុដែលមិនអាចទទួលយកបានពីភ្ញៀវទេសចរនោះឡើយ។ ចំណែកឯការធ្វើដំណើរក៏មិនមានការកកស្ទះចរាចរណ៍យូរឡើយ ដោយស្នងការដ្ឋាននគរបាលខេត្តកំពត បានរៀបចំកម្លាំងដើម្បីសម្រួល និងបញ្ជៀសការកកស្ទះបានយ៉ាងល្អប្រសើរ៕