គណៈប្រតិភូជាន់ខ្ពស់នៃសភាកម្ពុជា បានបន្តបំពេញបេសកកម្មអន្តរជាតិយ៉ាងមមាញឹក ក្នុងមហាសន្និបាត និងសន្និសីទអន្តរសភាជាច្រើនទម្រង់ នៅទីក្រុងអ៊ីស្តង់ប៊ុល សំដៅលើកកម្ពស់តួនាទីកម្ពុជាលើឆាកអន្តរជាតិ និងរួមចំណែកដោះស្រាយបញ្ហាប្រឈមសកល។

ក្នុងក្របខ័ណ្ឌនៃសន្និសីទលើកទី៥ នៃបណ្តាញសភានៃចលនាប្រទេសមិនចូលបក្សសម្ព័ន្ធ ដែលដឹកនាំដោយ លោកស្រី Sahiba Gafarova ប្រធានសភានៃសាធារណរដ្ឋ។ ដោយ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ នៃព្រឹទ្ធសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា អមដំណើរពី ឯកឧត្តមបណ្ឌិត សម តារា អនុប្រធានគណៈកម្មការទី១ នៃរដ្ឋសភា បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាគន្លឹះក្នុងមហាសន្និបាតនោះផងដែរ។
នៅក្នុងឱកាសនោះ លោកប្រធានគណៈប្រតិភូ បានថ្លែងសុន្ទរកថាផ្ដោតលើប្រធានបទ៖ «តួនាទីសភាក្នុងការធានាបាននគរូបនីយកម្មដែលមានភាពធន់នឹងអាកាសធាតុ នៅក្នុងតំបន់នៃចលនាប្រទេសមិនចូលបក្សសម្ព័ន្ធ»។
ដោយឡែក លោកស្រី ខេង សំវ៉ាដា អនុប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានអញ្ជើញចូលរួមកិច្ចប្រជុំវេទិកាសមាជិកសភាជាស្ត្រីលើកទី៤១ ក្នុងក្របខ័ណ្ឌមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា។

ក្នុងកិច្ចពិភាក្សានេះ លោកស្រីបានផ្ដល់មតិយ៉ាងសកម្មលើសេចក្ដីព្រាងសេចក្ដីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ និងបានថ្លែងសុន្ទរកថាលើប្រធានបទដ៏សំខាន់គឺ៖ «ការកើនឡើងជម្លោះ ការធ្លាក់ចុះសិទ្ធិរបស់ស្ត្រី និងក្មេងស្រី» ដើម្បីជំរុញឱ្យសហគមន៍អន្តរជាតិបង្កើនការការពារសិទ្ធិស្ត្រី និងកុមារីក្នុងស្ថានភាពវិបត្តិ។
សូមបញ្ជាក់ដែរថាមហាសន្និបាត IPUជាវេទិកាសភាដ៏មានឥទ្ធិពលបំផុត ដែលប្រមូលផ្ដុំថ្នាក់ដឹកនាំសភាជុំវិញពិភពលោក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសភាដេីម្បីដោះស្រាយបញ្ហារួមរបស់មនុស្សជាតិ៕


