ក្រសួងរតនាគារសហរដ្ឋអាមេរិក បានសម្រេចបន្ធូរបន្ថយទណ្ឌកម្ម ដោយអនុញ្ញាតឲ្យក្រុមហ៊ុនដឹកជញ្ជូន អាចលក់ប្រេងឆៅ និងផលិតផលប្រេងកាតរបស់រុស្ស៊ី ដែលត្រូវបានផ្ទុកនៅលើនាវា មុនថ្ងៃទី១៧ ខែមេសា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមយន្តការលើកលែងដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) នៃក្រសួងរតនាគារសហរដ្ឋអាមេរិក នៅថ្ងៃទី១៧ ខែមេសា បានបង្ហាញថាទីក្រុងវ៉ាស៊ីនតោនអនុញ្ញាតឲ្យភាគីពាក់ព័ន្ធអាចលក់ ដឹកជញ្ជូន ឬផ្ទុកប្រេងឆៅ និងផលិតផលប្រេងកាតដែលមានប្រភពមកពីរុស្ស៊ីរហូតដល់ថ្ងៃទី១៦ ខែឧសភា។
នេះមានន័យថាប្រេងរបស់រុស្ស៊ីត្រូវបានលើកលែងពីទណ្ឌកម្មរបស់សហរដ្ឋអាមេរិករយៈពេលមួយខែបន្ថែមទៀត។ តែទោះជាយ៉ាងណាក៏ដោយ យន្តការនេះអនុវត្តចំពោះតែការដឹកជញ្ជូនប្រេងដែលត្រូវបានផ្ទុកនៅលើនាវាមុនថ្ងៃទី១៧ ខែមេសាប៉ុណ្ណោះ។
ជម្រាបជូនថាអាជ្ញាប័ណ្ណថ្មី ដែលជំនួសអាជ្ញាប័ណ្ណស្រដៀងគ្នាដែលចេញនៅថ្ងៃទី១៩ ខែមីនា និងត្រូវបានផុតកំណត់នៅថ្ងៃទី១១ ខែមេសា គឺមានបំណងគ្រប់គ្រងតម្លៃថាមពលសកល ដែលបានកើនឡើងយ៉ាងខ្លាំងក្នុងចំណោមជម្លោះរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ នៅមជ្ឈិមបូព៌ា៕

