ការនាំចេញស្មាតហ្វូនរបស់ចិន ទៅកាន់អាមេរិក ធ្លាក់ដាំក្បាលចុះខ្លាំងមិនធ្លាប់មាន

អន្តរជាតិ

ការនាំចេញស្មាតហ្វូនដែលផលិតនៅក្នុងប្រទេសចិន​ រួមទាំងទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple ទៅកាន់ទឹកដីសហរដ្ឋអាមេរិក បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន ពោលគឺចាប់តាំងពីឆ្នាំ២០១១ មក ដោយសារតែមានការគំរាមកំហែងនៃគោលនយោបាយពន្ធរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទិន្នន័យគយចិន បានបង្ហាញឲ្យដឹងនៅថ្ងៃអង្គារថា ការនាំចេញស្មាតហ្វូន បានធ្លាក់ចុះ ៧២% មកនៅក្រោម ៧០០លានដុល្លារប៉ុណ្ណោះ កាលពីខែមេសា បើធៀបទៅនឹងការធ្លាក់ចុះ ២១% នៃការនាំចេញស្មាតហ្វូនសរុបរបស់ចិន ទៅកាន់សហរដ្ឋអាមេរិក។

យ៉ាងណាមិញ ជុំវិញការធ្លាក់ចុះនេះ ហាក់បានគូសបញ្ជាក់ពីផលប៉ះពាល់ធ្ងន់ធ្ងរនៃផែនការពន្ធគយរបស់រដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ ជាមួយនឹងការដំឡើងពន្ធលើទំនិញរបស់ប្រទេសចិនរហូតដល់កម្រិតខ្ពស់បំផុត ១៤៥% ដែលកំពុងរំខានដល់សង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យា និងបង្វែរឲ្យមានការនាំចេញគ្រឿងអេឡិចត្រូនិក ទៅកន្លែងផ្សេងទៀត មុនពេលប្រទេសមហាអំណាចសេដ្ឋកិច្ចរបស់ពិភពលោកទាំងពីរ យល់ព្រមកាត់បន្ថយពន្ធគយគ្នាទៅវិញទៅមក និងទុកពេលរហូតដល់ ៩០ថ្ងៃ ដើម្បីចរចាបន្ថែម។

ជម្រាបជូនផងដែរថា កាលពីឆ្នាំមុន ទំនិញនាំចូលដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកចំនួនបី ពីប្រទេសចិន គឺស្មាតហ្វូន កុំព្យូទ័រយួរដៃ និងថ្ម lithium-ion ខណៈពេលដែលឧស្ម័នរាវ ប្រេង សណ្តែកសៀង ទួរប៊ីនហ្គាស និងម៉ាស៊ីនសម្រាប់ផលិតបន្ទះឈីប semiconductors គឺជាទំនិញនាំចេញដ៏មានតម្លៃបំផុតរបស់សហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិនវិញ៕