Samsung Electronics ក្លាយជាក្រុមហ៊ុនមានមូលធនទីផ្សារដល់ ១ទ្រីលានដុល្លារជាលើកដំបូង

អន្តរជាតិ

Samsung Electronics ឥឡូវនេះ បានក្លាយជាក្រុមហ៊ុនទីពីរនៅអាស៊ី បន្ទាប់ពីក្រុមហ៊ុនបន្ទះឈីប TSMC ដែលឈានដល់តម្លៃមូលធនទីផ្សារ ១ទ្រីលានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅពេលបើកវគ្គជួញដូរ នៅថ្ងៃទី៦ ខែឧសភា ភាគហ៊ុនរបស់ក្រុមហ៊ុន Samsung Electronics បានកើនឡើង ១២% ដែលជំរុញឲ្យតម្លៃមូលធនទីផ្សាររបស់ពួកគេ កើនឡើងដល់ ១,៦៥ទ្រីលានវ៉ុន (១,១ទ្រីលានដុល្លារ។ ពួកគេគឺជាក្រុមហ៊ុនអាស៊ីទីពីរ បន្ទាប់ពីក្រុមហ៊ុនផលិតបន្ទះឈីប TSMC ដែលឈានដល់តម្លៃទីផ្សារដ៏ខ្ពស់បែបនេះ។

បច្ចុប្បន្នក្រុមហ៊ុន Samsung Electronics គឺជាក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំធំជាងគេបំផុតរបស់ពិភពលោក។ ការកើនឡើងនៃតម្រូវការសម្រាប់បន្ទះឈីបដែលប្រើក្នុងបញ្ញាសិប្បនិម្មិតបានជួយឲ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនខ្នាតយក្សកូរ៉េខាងត្បូងមួយនេះ កើនឡើងបួនដង ក្នុងរយៈពេលមួយឆ្នាំកន្លងមក។

គួរជម្រាបជូនថា អាស៊ីគឺជាមូលដ្ឋានគ្រឹះនៃប្រព័ន្ធអេកូឡូស៊ី AI សកល ដោយរួមបញ្ចូលគ្នានូវភាពលេចធ្លោក្នុងការផលិតបន្ទះឈីប ជាមួយនឹងការពង្រីកហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ។ ភាគហ៊ុនរបស់ក្រុមហ៊ុន SK Hynix និង TSMC ក៏បានឈានដល់កម្រិតខ្ពស់បំផុតក្នុងខែនេះផងដែរ ខណៈពេលដែលវិនិយោគិន កំពុងដាក់ក្តីរំពឹងកាន់តែច្រើនលើការអភិវឌ្ឍសម្រាប់បន្ទះឈីបទំនើប៕​