Samsung បើក​សម្ពោធ​មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍតម្លៃ ២២០ លានដុល្លារ នៅវៀតណាម

អន្តរជាតិ

នៅថ្ងៃសុក្រទី ២៣ ខែធ្នូនេះ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Samsung បានបើកសម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍ ដែលមានតម្លៃរហូតដល់ទៅ ២២០ លានដុល្លារ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដោយវាបានក្លាយជាកន្លែងស្រាវជ្រាវដ៏ធំបំផុតរបស់ក្រុមហ៊ុនកូរ៉េខាងត្បូង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ ក្នុងអំឡុងកម្មពិធីបើកសម្ពោធ អគារកម្ពស់ ១៦ ជាន់ថ្មីនេះ ក្រុមហ៊ុន Samsung បាននិយាយថា វៀតណាមបានដើរតួនាទីយ៉ាងសំខាន់ សម្រាប់ក្រុមហ៊ុនរបស់ខ្លួន មិនត្រឹមតែជាមជ្ឈមណ្ឌលផលិតកម្មសកលតែប៉ុណ្ណោះទេ តែឥឡូវនេះ បានក្លាយជាមូលដ្ឋានយុទ្ធសាស្រ្តសម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍធំៗ ថែមទៀតផង ។

ដោយឡែក នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានមានប្រសាសន៍ នៅក្នុងព្រឹត្តិការណ៍នេះថា ការបើកមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍរបស់ក្រុមហ៊ុន Samsung នៅក្នុងប្រទេសវៀតណាម គឺជាសក្ខីភាពមួយ ចំពោះការតំរង់ទិស និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការបណ្តាក់ទុនរយ:ពេលវែង នៅក្នុងប្រទេសអាស៊ានមួយនេះ ។

លើសពីនេះ លោក Pham បានបន្ថែមទៀតថា ក្រុមហ៊ុន Samsung គឺជាអ្នកវិនិយោគបរទេសដ៏ធំជាងគេរបស់វៀតណាម ជាមួយនឹងការវិនិយោគទឹកប្រាក់សរុបជិត ២០ ពាន់លានដុល្លារ ដែលត្រូវបានចុះបញ្ជី ខណ:នេះ បានរួមចំណែកយ៉ាងខ្លាំង ដល់វៀតណាម ទាក់ទងនឹងការនាំចេញ ការផ្តល់ជូនការងារ និងពន្ធផងដែរ ។

ជម្រាបជូនផងដែរថា ក្រុមហ៊ុន Samsung បានបង្កើតរោងចក្រផលិតស្មាតហ្វូនដំបូងរបស់ខ្លួន នៅក្នុងប្រទេសវៀតណាម នៅក្នុងឆ្នាំ ២០០៨ ហើយបានបណ្តាក់ទុនចំនួន ១៨,២ ពាន់លានដុល្លាររួចមកហើយ គិតមកទល់នឹងពេលនេះ ខណ:តួលេខនៃការវិនិយោគនេះ អាចនឹងបន្តកើនឡើងដល់ ២០ ពាន់លានដុល្លារ នៅដំណាច់ឆ្នាំនេះ ៕